• ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីនាវាដែលដឹកប្រេងឆៅរបស់កម្ពុជារត់គេច ហើយត្រូវឥណ្ឌូណេស៊ី ចាប់បាន

    (ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងនាវាដឹកប្រេង MT Strovolos និងប្រេងឆៅ ប្រហែល៣០ម៉ឺនបារ៉ែលរបស់កម្ពុជា ដែលត្រូវបានឥណ្ឌូណេស៊ីចាប់ ក្រោយបើករត់គេចពីកម្ពុជា។

    សេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៣ ខែកញ្ញានេះ បានបញ្ជាក់ថា គោលបំណង នៃសេចក្តីប្រកាសពត៌មាននេះ គឺដើម្បីធ្វើការបញ្ជាក់ដូចខាងក្រោម៖

    * ទំនិញជាប្រេងឆៅ នៅលើនាវា MT Strovolos គឺជាប្រេងឆៅរបស់កម្ពុជា។
    * វិវាទពាក់ព័ន្ធនឹងថ្លៃឈ្នួលនាវា គឺជាវិវាទរវាងម្ចាស់ ឬ អ្នកគ្រប់គ្រងនាវា និង អ្នកជួលនាវា ហើយវិវាទនេះ មិនពាក់ព័ន្ធនឹងកម្ពុជាឡើយ។
    * នាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ និង ដោយសម្ងាត់ហើយនាវានេះ បានបន្តធ្វើដំណើររហូតដល់ដែនទឹក នៃប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែង ដែលនាវានោះត្រូវបានឃាត់ទុក និង
    * សកម្មភាពទាំងឡាយរបស់នាវា MT Strovolos បានរំលោភច្បាប់ប្រទេសកម្ពុជា និង ប្រទេសឥណ្ឌូណេស៊ី ហើយបច្ចុប្បន្ន អ្នកពាក់ព័ន្ធកំពុងតែត្រូវបានស៊ើបអង្កេតដោយតុលាការមានសមត្ថកិច្ច។

    បើតាមក្រសួងរ៉ែ ក្រុមហ៊ុន World Tankers Management Pte Ltd គឺជាអ្នកគ្រប់គ្រងនាវា MT Strovolos ដែលត្រូវបានជួលដោយក្រុមហ៊ុនមួយ នៃគ្រីសអេនើជីគ្រប (KrisEnergy Group) ដើម្បីធ្វើជានាវាស្តុកទុក និងផ្ទេរ (Floating Storage and Offloading) ប្រេងឆៅពីតំបន់អប្សរាប្លុក A ក្នុងដែនសមុទ្រកម្ពុជា (តំបន់ប្លុក A កម្ពុជា)។

    នាវា MT Strovolos ត្រូវបានជួលដោយ ក្រុមហ៊ុន គ្រីសអេនើជី ដើម្បីផ្តល់សេវាខាងលើ ដែលក្រុមហ៊ុននេះ មានកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងរ៉ែ និងថាមពល សម្រាប់ការស្វែងរុករក និង អភិវឌ្ឍក្នុងតំបន់អប្សរា ប្លុកA កម្ពុជា។

    ក្រសួងរ៉ែ បានឲ្យដឹងថា នាវា MT Strovolos បានចត និង ភ្ជាប់ទៅនឹងនាវាផលិតកម្មប្រេង ដើម្បីទទួល ស្តុក និង ផ្ទេរប្រេងទៅនាវាផ្សេងទៀត ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតរបស់កម្ពុជា។ ក្រសួងរ៉ែ និងថាមពល ដឹងថា បច្ចុប្បន្នម្ចាស់ ឬ អ្នកគ្រប់គ្រងនាវា និង អ្នកជួលនាវា ក្រុមហ៊ុន គ្រីសអេនើជី កំពុងតែមានវិវាទពាក់ព័ន្ធនឹងការបង់ថ្លៃឈ្នួលនាវា។ ប្រសិនព័ត៌មាននេះជាការពិត វិវាទនេះ គឺជាវិវាទរបស់ភាគីទាំងពីរ ហើយមិនជាប់ពាក់ព័ន្ធនឹងកម្ពុជា និងប្រេងឆៅរបស់កម្ពុជាឡើយ។

    ក្នុងអំឡុងពេលជួលនាវាឲ្យទៅ ក្រុមហ៊ុនគ្រីសអេនើជី នាវា MT Strovolos ត្រូវបានបញ្ជាដោយក្រុមហ៊ុន World Tankers Management Pte Ltd នៅល្ងាចថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ឲ្យចាកចេញពីកម្ពុជានៅម៉ោង ៨៖០០ល្ងាច ទៅកាន់ដែនទឹកប្រទេសថៃឡង់ដ៏ ដោយយកប្រេងឆៅរបស់កម្ពុជាទៅជាមួយផងដែរ។
    ការចាកចេញរបស់នាវា MT Strovolos ធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជាឡើយ ដែលផ្ទុយនឹងច្បាប់កម្ពុជា។

    ប្រព័ន្ធកំណត់ទីតាំងស្វ័យប្រវត្តិ (Automatic Identification System) របស់នាវានេះ ត្រូវបានបិទនៅម៉ោង១២៖២៣ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែលនាំឲ្យការកំណត់ទីតាំងនាវានេះ មិនអាចធ្វើទៅបាន។ ប្រព័ន្ធស្វ័យប្រវត្តិនេះ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញនៅម៉ោង ១០៖៤៨ នាទីយប់ ថ្ងៃទី២០ខែមិថុនា ឆ្នាំ ២០២១ ជិតពីរថ្ងៃក្រោយពេលដែលនាវានេះ បានចេញផុតពីដែនសមុទ្រកម្ពុជា។ ប្រព័ន្ធ AIS បានបិទជាបន្តបន្ទាប់ក្នុងពេលដែលនាវានេះ បានធ្វើដំណើរទៅកាន់ដែនទឹកឥណ្ឌូណេស៊ី។

    ក្រសួងរ៉ែ និងថាមពល សូមច្រានចោលការលើកឡើង របស់ក្រុមហ៊ុន Management Pte Ltd នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដែលថា នាវា MT Strovols គ្មានជម្រើសផ្សេងក្រៅពីចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរនាវិក និងចាក់ប្រេង។ ក្រសួងរ៉ែ និងថាមពល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាផ្សេងទៀត មិនដែលបានទទួលដំណឹងពីម្ចាស់នាវា អ្នកគ្រប់គ្រងនាវា ឬ ភាគីណាមួយ ស្នើសុំឲ្យរៀបចំ ឬ អនុញ្ញាតឲ្យធ្វើការផ្លាស់ប្តូរនាវិក និង ចាក់ប្រេងនាវានេះឡើយ។

    ទោះបីយ៉ាងណាក៏ដោយ ក៏បញ្ហានៃការប្តូរនាវិក ឬ ការចាក់ប្រេងនេះ មិនអាចយកមកធ្វើជាលេស ដើម្បីឲ្យនាវា MT Strovolos ចាកចេញ និង យកប្រេងឆៅកម្ពុជា ទៅជាមួយ ដោយមិនអនុលោមតាមច្បាប់កម្ពុជាឡើយ។ ក្រោយពេលដែលនាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់នាវានេះ មិនដែលបានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ ឬ ដឹកប្រេងឆៅមកដែនទឹក កម្ពុជាវិញឡើយ បើទោះបីជាម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និង នាវិកនៅលើនាវានេះ បានដឹងយ៉ាងច្បាស់ថាប្រេងឆៅនៅលើនាវារបស់ខ្លួន គឺជាទ្រព្យសម្បត្ដិរបស់កម្ពុជា។

    ក្រសួងរ៉ែ និងថាមពល បានដឹងថា នាវា MT Strovolos ត្រូវបានឃាត់ទុកនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ដោយសង្ស័យថា បានបំពានច្បាប់ឥណ្ឌូណេស៊ី ។ ចំណែកឯនៅប្រទេសកម្ពុជាវិញ បណ្ដឹងមួយចំនួនត្រូវបានធ្វើឡើងប្រឆាំង នឹងម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និងបក្សពួក ពាក់ព័ន្ធនឹងបទល្មើសមួយចំនួន ក្រោមច្បាប់កម្ពុជា ហើយបណ្ដឹងទាំងនេះ កំពុងតែត្រូវបានតុលាការមានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។

    រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពី រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីនាំខ្លួនជនល្មើស និងបក្សពួករបស់គេ មកផ្តន្ទាទោស និង ដើម្បីយកប្រេងឆៅកម្ពុជាមកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក៏សូមថ្លែងអំណរគុណដល់ រដ្ឋាភិបាលឥណ្ឌូណេស៊ី សម្រាប់ការសហការនាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។

    ក្រសួងរ៉ែ និងថាមពល បានទទួលដំណឹងថា បច្ចុប្បន្ននាវិកទាំងអស់ត្រូវបានឃាត់ខ្លួន ដើម្បីស៊ើបអង្កេតលើករណីពាក់ព័ន្ធនឹងបទល្មើស ឬត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសដែលប្រព្រឹត្តិនៅក្នុងប្រទេសកម្ពុជា និង ប្រទេសឥណ្ឌូណេស៊ី។ បញ្ហានេះ គឺជានីតិវិធី ផ្លូវច្បាប់សុទ្ធសាធ ហើយមិនពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬ ពាណិជ្ជកម្មឡើយ ។

    ក្នុងនាមជាម្ចាស់នៃប្រេងឆៅ រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តចាត់វិធានការផ្សេងៗទៀតដែលចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងពេញលេញ។ ដោយសារបញ្ហានេះ កំពុងតែស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត ក្រសួងរ៉ែ និងថាមពល សូមមិនធ្វើការអត្ថាធិប្បាយអ្វីផ្សេងបន្ថែមទៀតទេ។ អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ