• នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga «នឹងលាលែងចេញពីតំណែង» ក្រោយទើបកាន់បានតែ១ឆ្នាំ

    (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) បានប្រកាសថា រូបលោកនឹងលាលែងចេញពីតំណែងនៅក្នុងពេលឆាប់ៗ។ ការប្រកាសនេះបានកើតមានឡើង ខណៈលោក Suga ត្រូវបានគេមើលឃើញថា ទើបតែកាន់តំណែងបានត្រឹមមួយឆ្នាំប៉ុណ្ណោះ ហើយប្រជាប្រិយភាពរបស់លោក ក៏ធ្លាក់ចុះខ្លាំងផងដែរ ចំពោះមុខវិបត្តិ COVID-19 ដែលកាន់តែរីកធំឡើងៗនៅជប៉ុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយកាសែត Financial Times នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។

    ក្រៅពីការប្រកាសនៅថ្ងៃសុក្រនេះថា នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន លោក Suga ក៏បានបញ្ជាក់បន្ថែមទៀតថា លោកនឹងមិនឈរឈ្មោះបោះឆ្នោត ជាប្រធានគណបក្សកាន់អំណាច (LDP) ម្តងទៀត ដែលគ្រោងធ្វើឡើងនៅចុងខែកញ្ញានោះឡើយ។ យោងតាមគណបក្ស LDP អ្នកដែលឈ្នះក្នុងការប្រកួតយកតំណែង ជាប្រធានបក្សកាន់អំណាចមួយនេះ នឹងត្រូវដឹកនាំបក្សទាំងមូល ទៅចូលរួមការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។

    ជុំវិញការប្រកាសលាលែងចេញពីតំណែងនេះដែរ អគ្គលេខាធិការនៃបក្សកាន់អំណាចនៅជប៉ុន (LDP) លោក តូស៊ីហ៊ីរ៉ូ នីកៃ (Toshihiro Nikai) បានលើកឡើងយ៉ាងដូច្នេះថា «និយាយដោយត្រង់ទៅ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល… ប៉ុន្តែខ្ញុំជឿជាក់ថា នេះជាការសម្រេចចិត្ត ដែលលោកនាយករដ្ឋមន្ត្រីត្រូវតែធ្វើ បន្ទាប់ពីការពិចារណាដោយប្រុងប្រយ័ត្ន ហើយយើងទាំងអស់គ្នា ក៏បានទទួលយកការសម្រេចចិត្តនេះរួចហើយដែរ…»។

    គួរបញ្ជាក់ថា ការសម្រេចចិត្តលាលែងចេញពីតំណែងដោយលោក Suga បានកើតមានឡើង ក្រោយការស្ទង់មតិមួយបង្ហាញថា ប្រជាប្រិយភាពរបស់លោក បានធ្លាក់ចុះមកនៅក្រោម ៣០%។ បញ្ហាធំបំផុតដែលធ្វើឲ្យប្រជាប្រិយភាពលោក Suga ធ្លាក់ចុះនោះ គឺការដោះស្រាយវិបត្តិ COVID-19 មិនមានប្រសិទ្ធភាព។ យ៉ាងណាក៏ដោយ ពេលវេលាជាក់លាក់នៃការលាលែងតែម្តងនោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែការសម្រេចចិត្តរបស់លោក Suga ត្រូវបានគេមើលឃើញថា ជាការបើកផ្លូវឲ្យគណបក្ស LDP ស្តារមុខមាត់ឡើងវិញ ចំពោះមុខការបោះឆ្នោតសកល ដែលជិតនឹងមកដល់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ