• Facebook អះអាងថា ខ្លួនបានរួមចំណែកជួយជម្លៀសពលរដ្ឋមួយចំនួនចេញពីអាហ្គានីស្ថានតាមរយៈមុខងារពិសេសមួយនេះ

    ក្រុមហ៊ុន Facebook បានប្រាប់សារព័ត៌មាន BBC ថា ខ្លួនបានរួមចំណែកជួយជម្លៀសពលរដ្ឋមួយចំនួនចេញពីប្រទេសអាហ្គានីស្ថាន តាមរយៈការបន្ថែមមុខងារពិសេសមួយនៅក្នុងគណនី Facebook របស់ក្រុមប្រជាពលរដ្ឋដែលមានវត្តមាននៅក្នុងប្រទេសកំពុងមានភាពចលាចលមួយនេះ។ គួរម្លឹកថា កាលពីពេលថ្មីៗនេះមានជើងហោះហើរពិសេសមួយបានទៅនាំយកពលរដ្ឋចំនួន ១៧៥នាក់ចេញពីប្រទេសអាហ្គានីស្ថានដោយសុវត្ថិភាព ខណៈពលរដ្ឋទាំងអស់នោះគឺសុទ្ធតែក្រុមអ្នកការសែតឯករាជ្យ ក្រុមសកម្មជន និងសមាជិកគ្រួសាររបស់ពួកគេ ពោលគឺជាក្រុមមនុស្សដែលក្រុមតាលីបង់កំពុងតាមចាប់ខ្លួន។

    ដើម្បីតាមរកក្រុមពលរដ្ឋទាំងនោះក្រុមតាលីបង់ត្រូវចូលទៅឆែកមើលគណនីបណ្តាញសង្គមផ្សេងៗរបស់ពួកគេ ជាពិសេសគឺគណនី Facebook ផ្លូវការរបស់ពួកគេតែម្តង ដើម្បីកំណត់អត្តសញ្ញាណរបស់ពួកគេឲ្យកាន់តែច្បាស់ ពិនិត្យរកមើលទីតាំងរបស់ពួកគេ និងស្វែងរកក្រុមមនុស្សដែលមានការពាក់ព័ន្ធជាមួយនឹងពួកគេជាដើម។ ដើម្បីជួយដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Facebook បានដាកចេញនូវមុខងារសុវត្ថិភាពមួយ ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចការពារគណនីរបស់របស់ពួកគេបានយ៉ាងងាយស្រួល ពោលគឺចុចតែម្តងដើម្បីបិទមិនឲ្យអ្នកដែលមិនមែនជាមិត្តភក្តិអាចចូលទៅឆែកលើ Timeline របស់ពួកគេបាន ហើយ Facebook ក៏បានលុបចោលគណនីរបស់ក្រុមមេដឹកនាំតាលីបង់មួយចំនួនផងដែរ។ សកម្មភាពនេះបានជួយទប់ស្កាត់មិនឲ្យក្រុមតាលីបង់អាចតាមរកក្រុមពលរដ្ឋមួយចំនួន បានដោយងាយស្រួលនោះទេ ខណៈក្រុមពលរដ្ឋនៅតែអាចបន្តប្រើប្រាស់ Facebook សម្រាប់ទទួលនិងចែកចាយព័ត៌មានបន្ទាន់បានដោយងាយស្រួលនិងឆាប់រហ័សដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ