• កីឡាជនពិការកម្ពុជា វ៉ាន វ៉ុន ឡើងវគ្គផ្ដាច់ព្រ័ត្រប៉ារ៉ាឡាំពិក នៅតូក្យូ

    (តូក្យូ)៖ អត្តពលិកជនពិការកម្ពុជា វ៉ាន វ៉ុន បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (2020 Tokyo Paralympic Games) ហើយ បន្ទាប់ពីធ្វើបានយ៉ាងល្អក្នុងការប្រកួតជម្រុះស៊េរីទី១ (Heat-1) លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

    ការប្រកួតជម្រុះ Heat-1 ដែលមានបេក្ខភាពប្រកួតប្រជែង ៦នាក់ កីឡាករជនពិការកម្ពុជា វ៉ាន វ៉ុន បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ដោយប្រើថិរវេលា ១៤.៣៩វិនាទី ខណៈលេខ១ ក្នុងសេរីជាមួយគ្នា បានទៅកីឡាករថៃ Athiwat Paeng-Nuea ដែលប្រើថិរវេលា ១៤.០០វិនាទី នាំឲ្យអ្នកទាំងពីរ ត្រូវដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង។

    ចំពោះបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាប្រណាំងរទេះជនពិការប្រភេទ T54 ចម្ងាយ ១០០ម៉ែត្រ គឺមានអត្តពលិក ៨នាក់ ដែលត្រូវប្រកួតប្រជែងមេដាយ ក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជា វ៉ាន វ៉ុន ផងដែរ ។ ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គ្រោងធ្វើឡើងនាវេលាម៉ោង ៥៖៣០នាទីល្ងាចនេះ(ម៉ោងនៅកម្ពុជា)។

    គួរដឹងថា នេះគឺជាការបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់ វ៉ាន វ៉ុន ក្នុងការឈានដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាជនពិការពិភពលោកនេះ ជាមួយការបំបែកសិទ្ធផលចាស់របស់ខ្លួន ដែល វ៉ាន វ៉ុន ធ្លាប់ធ្វើបានក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នៅទីក្រុងរីយ៉ូ កាលពីឆ្នាំ២០១៦ គឺប្រើថិរវេលា ១៥.០២វិនាទី ក៏ដូចជាការប្រកួតពិភពលោក នៅទីក្រុងឌូបៃ ប្រើថិរវេលា ១៤.៥៧វិនាទី ខណៈពេលនេះ គេធ្វើបានក្នុងថិរវេលា ១៤.៣៩វិនាទីប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ