• Google ពន្យារពេលឱ្យបុគ្គលិកបម្រើការងារតាមផ្ទះ ត្រឡប់មកការិយាល័យវិញរហូតដល់ដើមឆ្នាំ២០២២

    (អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសពន្យារពេលត្រឡប់មកធ្វើការ នៅការិយាល័យវិញរបស់បុគ្គលិកជាលើកទី៣ ដោយសារតែការរីករាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី បើទោះបីជា ពួកគេទទួលបានការចាក់វ៉ាក់សាំងហើយក្ដីនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

    លោក Sundar Pichai នាយកប្រតិបត្តិ (CEO) បានបង្ហោះសារនៅលើគេហទំព័រផ្លូវការរបស់ Google ថា នេះជាការពន្យារពេលលើកទី៣ ក្នុងការឱ្យបុគ្គលិកដែលបម្រើការងារនៅតាមផ្ទះត្រឡប់មកធ្វើការនៅការិយាល័យវិញ។ ការពន្យារពេលថ្មីនេះគឺមានរហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ប៉ុន្តែបើសិនជាស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩នៅតែមិនថមថយទេនោះគឺអាចនឹងមានវិធានការថ្មី។

    ក្រុមហ៊ុនបច្ចកវិទ្យាផ្សេងៗដូចជា Amazon, Facebook និង Apple ក៏បានប្រកាសពន្យារពេលក្នុងការឱ្យបុគ្គលិកបម្រើការងារតាមផ្ទះ ត្រឡប់មកការិយាល័យវិញផងដែរ ជាពិសេសគឺពួកគេកំពុងតែពិចារណាទៅលើវេលាកំណត់ច្បាស់លាស់មួយ ប៉ុន្តែដោយសារតែកូវីដ១៩ នៅតែបន្តរីករាលដាលខ្លាំង ដូច្នេះការកំណត់ពេលវេលាជាក់លាក់មិនត្រូវបានធ្វើឡើងឡើយ។

    លោក Pichai បាននិយាយថា សម្រាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ គឺបុគ្គលិកមួយដែលបម្រើការងារនៅតាមផ្ទះត្រូវបាន អនុញ្ញាតឱ្យត្រឡប់មកកាន់ការិយាល័យវិញ ប៉ុន្តែនៅក្នុងនោះគឺក្រុមហ៊ុនអនុញ្ញាតឱ្យតែតំបន់ ឬប្រទេសដែលមិនសូវមានការរីករាលដាលនៃជំងឺកូវីដ១៩ខ្លាំងប៉ុណ្ណោះ ប៉ុន្តែសម្រាប់បុគ្គលិកដែលមានបំណងចង់មកការិយាល័យវិញ ក៏ត្រូវ ជូនដំណឹងមកកាន់ក្រុមហ៊ុនឱ្យបានយ៉ាងតិច ៣០ថ្ងៃមុនផងដែរ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសិក្សា និងត្រួតពិនិត្យ។

    គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូឆ្នាំ២០២០ ក្រុមហ៊ុន Google បានប្រកាសថា បុគ្គលិកបម្រើការងារនៅតាមផ្ទះនឹងត្រឡប់មកកាន់ការិយាល័យវិញនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ប៉ុន្តែក្រោយមកនៅខែកក្កដា ឆ្នាំ២០២១ បានប្រកាសម្ដងទៀតថា នឹងត្រឡប់មកធ្វើការវិញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដោយសារតែស្ថានភាពកូវីដ១៩ធូរស្រាល ប៉ុន្តែ កូវីដ១៩ បានចាប់ផ្ដើមផ្ទុះឡើងវិញខ្លាំង ជាពិសេសគឺមេរោគបំប្លែងខ្លួនថ្មី ដែលជាហេតុនាំឱ្យត្រូវពន្យារពេលរហូតដល់ដើមឆ្នាំ២០២២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ