• កូវីដ-១៩បំប្លែងខ្លួន Delta កំពុងរាតត្បាតកាន់តែខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក, CDC ដាក់ការព្រួយបារម្ភខ្លាំងបំផុតលើកុមារ

    (ញូយ៉ក)៖ វីរុស COVID-19 បំប្លែងខ្លួន Delta នៅតែបន្តឆ្លងរាលដាលយ៉ាងខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក ព្រមទាំងបានធ្វើឱ្យជនជាតិអាមេរិកកាន់តែច្រើន រួមទាំងកុមារផងដែរ ធ្លាក់ខ្លួនឈឺធ្ងន់រហូតចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកំពុងបង្កឲ្យបញ្ហាជាច្រើន កាន់តែរីកធំឡើងក្នុងសង្គម ជាពិសេសទៅលើសុខុមាលភាពរយៈវែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

    ខណៈករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួន Delta បានឆ្លងរីករាលដាលយ៉ាងខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក ជាពិសេសក្នុងចំណោមជនជាតិអាមេរិក ដែលមិនបានទទួលការចាក់វ៉ាក់សាំង មន្ទីរពេទ្យជាច្រើន បានឈានទៅដល់កម្រិតមួយដែលពិបាកគ្រប់គ្រងបំផុត ដោយសារតែកំណើននៃអ្នកជំងឺ។

    រដ្ឋចំនួន ០៥ ដូចជាអាឡាបាម៉ា (Alabama), ចរជា (Georgia), តិចសាស់ (Texas), ផ្លរីដា (Florida) និងអាកានសាស់ (Arkansas) ជិតលែងមានគ្រែ និងបន្ទប់សង្គ្រោះបន្ទាន់ (ICU) សម្រាប់ទទួលអ្នកជំងឺហើយ ដោយមានតិចជាង ១០ភាគរយទៀតប៉ុណ្ណោះនៃគ្រែ និងបន្ទប់ ICU របស់ពួកគេ ដែលនៅអាចទទួលអ្នកជំងឺបាន។ មន្ទីរពេទ្យជាច្រើន ក៏បានរាយការណ៍អំពីការខ្វះខាត នូវអុកស៊ីសែនសង្គ្រោះជីវិតផងដែរ។

    ទិន្នន័យដែលបង្ហាញដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា អ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង មានអត្រាចូលសម្រាកក្នុងមន្ទីរពេទ្យ ច្រើនជាង ១៦ដង បើធៀបនឹងអត្រានៃអ្នកដែលបានចាក់វ៉ាក់សាំង។ CDC ក៏បានគូសបញ្ជាក់ពីគ្រោះថ្នាក់ ដែលអាចកើតមានចំពោះកុមារអាយុក្រោម ១២ឆ្នាំ ដែលជាក្រុមអាយុតែមួយគត់នៅសហរដ្ឋអាមេរិក ដែលមិនទាន់មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង ខណៈវីរុស COVID-19 បំប្លែងខ្លួន Delta កំពុងឆ្លងរាលដាលនៅទូទាំងប្រទេស។ គ្រាន់តែក្នុងខែសីហាមួយប៉ុណ្ណោះ នៅតំបន់ ប្រេវ៉ាដ (Brevard County) រដ្ឋផ្លរីដា កុមារចំនួន ១,៦២៣នាក់បានឆ្លងវីរុស COVID-19 ហើយសិស្ស-និស្សិតជាង ៨,០០០នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។

    គួរបញ្ជាក់តាមរបាយការណ៍ ដែលត្រូវបានចុះផ្សាយដោយកាសែត The Washington Post ព្រមានថា បើគ្មានកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួន Delta នោះទេ អ្វីៗនឹងកាន់តែអាក្រក់ទៅៗ នៅប៉ុន្មានខែខាងមុខនេះ។ មន្ទីរពិសោធន៍ដែលផ្តល់មូលនិធិដោយ CDC បានព្យាករណ៍ថា នៅសាលាបឋមសិក្សាដែលគ្មានការអនុវត្តវិធានការពាក់ម៉ាស ឬធ្វើតេស្តនោះ កុមារជាង ៧៥ភាគរយអាចនឹងឆ្លងវីរុសនេះ នៅក្នុងរយៈពេល ០៣ខែដំបូង នៃការបើកសាលាវិឡើងញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ