• ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ច្រានចោលមតិរិះគន់ដែលថា កម្ពុជាពឹងផ្អែកតែលើប្រទេសចិន ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសច្រានចោល នូវមតិរិះគន់មួយចំនួន ដែលបានលើកឡើងថា ប្រទេសកម្ពុជា គឺពឹងពាក់តែលើប្រទេសចិន ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

    ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសច្រានចោលដូចនេះ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣» ដោយ មានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។

    លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ខ្ញុំសូមច្រានចោលមតិរិះគន់ ដែលថាកម្ពុជាពឹងផ្អែកទៅលើប្រទេសចិន ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ, កម្ពុជាមិនរើសអើងប្រភពថវិកា លើការសាងសង់ផ្លូវថ្នល់ស្ពាននៅកម្ពុជាទេ ពោលគឺកម្ពុជាមិនបដិសេធប្រទេសជាមិត្តទាំងឡាយណា ដែលចង់ជួយកម្ពុជាឡើយ បើប្រទេសនោះផ្ដល់ជំនួយ ឬប្រាក់កម្ចីទាន់ពេលវេលា ក្នុងការកសាងផ្លូវថ្នល់ស្ពាន»។

    លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា នីតិវិធីប្រាក់កម្ចីពីប្រទេសមួយ ទៅប្រទេសមួយខុសគ្នា ប្រទេសខ្លះត្រូវការរយៈពេលពី៣ទៅ៥ឆ្នាំ ទើបសិក្សាគម្រោងសាងសង់ចប់ និងឯកភាពឱ្យខ្ចីថវិកា ដូច្នេះបើរង់ចាំ៥ឆ្នាំ យើងនឹងខាតបង់ចំណូលច្រើនណាស់ ពីការកសាងផ្លូវថ្នល់ និងស្ពាន។

    លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារសំខាន់ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពានក្នុងការចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច ឱ្យមានការរីកចម្រើន ជាពិសេស ការធ្វើសមាហរណកម្មផ្ទៃប្រទេស ការដឹកជញ្ជូនទំនិញ និងទេសចរណ៍ជាដើម និងបានរំលឹកឡើងវិញអំពីអនុសាសន៍ប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានមានប្រសាសន៍តាំងពីឆ្នាំ១៩៨៥ថា ដើម្បីកសាងប្រទេសជាតិមាតុភូមិបាន យើងត្រូវតែមាន៖ ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។

    បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី បានជម្រាបជូនវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ដែលជា គម្រោងស្ពានដ៏សំខាន់មួយដែលអាចឱ្យប្រជាពលរដ្ឋ អាចធ្វើដំណើរត្រង់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ។ គម្រោងស្ពាននេះត្រូវបានចរចារចប់សព្វគ្រប់ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សាងសង់ស្ពានរួចហើយដែរ ដោយសង្ឃឹមថា គម្រោងស្ពាននេះអាចបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ ឬដើមខែមករា ឆ្នាំ២០២២ បន្ទាប់ពីបាន ចុះហត្ថលេខា លើប្រាក់កម្ចីរួច។

    លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការត្រៀមបើកការដ្ឋានគម្រោងពង្រីក និងលើកកម្ពស់ គុណភាពពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង DBST ទៅជាផ្លូវ បេតុងកៅស៊ូ(AC) ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ ៤១តភ្ជាប់ផ្លូវជាតិលេខ៤ និងតភ្ជាប់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ពីបែកគុស ទៅស្រុកកំពង់ត្រាច ផ្លូវជាតិលេខ៣៣ ពីកែបមកកំពង់ត្រាច ដើម្បីអភិវឌ្ឍតំបន់ឆ្នេរ ជាពិសេសខេត្តព្រះសីហនុ ដែលនឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសយ៉ាងសំខាន់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ