• Zoom បង្ហាញពីការព្យាករណ៍កំណើនប្រាក់ចំណូលត្រីមាសដែលទទួលបានខ្ពស់ជាង១ពាន់លានដុល្លារ

    (អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មប្រជុំតាមរយ:វីដេអូខល Zoom Video Communications Inc (Zoom) បានប្រកាស បង្ហាញពី ការ ព្យាករណ៍ទុកនូវប្រាក់ចំណូលប្រចាំត្រីមាស ដែលទទួលបានលើសពីការរំពឹងទុករបស់អ្នកវិភាគ ខណ:ដែលតម្លៃហ៊ុនរបស់ Zoom បាន ធ្លាក់ ចុះ ប្រមាណ ១១ភាគរយ ក្រោយពេលតម្រូវការនៃការប្រើប្រាស់ថយចុះ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Zoom បានបង្ហាញឱ្យដឹង នៅថ្ងៃចន្ទម្សិលមិញនេះថា ប្រាក់ចំណូលនៅត្រីមាសទី៣ឆ្នាំនេះ អាចនឹងទទួលបានចន្លោះពី ១.០១៥ពាន់លានដុល្លារ ទៅ១.០២០ពាន់លាន ដុល្លារ ខណ:ស្ថាប័ន Refinitiv បានព្យាករណ៍ទុកថា នឹងទទួលបានត្រឹម ១.០១៣ពាន់លានដុល្លារប៉ុណ្ណោះ។

    នេះជាលើកដំបូងផងដែរសម្រាប់ក្រុមហ៊ុន Zoom ដែលបានព្យាករណ៍អំពីប្រាក់ចំណូលត្រីមាសដែលមានរហូតដល់ខ្ទង់ពាន់លានដុល្លារ ហើយ ត្រីមាសទី៣នេះ បើធៀបនឹងត្រីមាសដើមឆ្នាំឃើញថា បានកើនឡើងជាង ៣១ភាគរយ។

    លោកស្រី Kelly Steckelberg ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Zoom បានលើកឡើងថា សម្រាប់ប្រាក់ចំណូលត្រីមាសទី៣ និងត្រីមាសបន្ទាប់ យើង (Zoom) បានរំពឹងថាវានឹងកើនឡើងយឺតៗប៉ុន្តែវាបន្តកើនឡើងទៅមុខជាបន្តបន្ទាប់ ហើយមូលហេតុដែលនាំឱ្យប្រាក់ចំណូលធ្លាក់ចុះ ឬកើនឡើងយឺតនោះគឹមកពីការចាក់វ៉ាក់សាំងត្រូវបានប្រព្រឹត្តទៅច្រើន ហើយសាលារៀនមួយចំនួនបានបើកដំណើរការឡើងវិញ ខណ:ដែល ក្រុមហ៊ុនមួយចំនួនក៏អនុញ្ញាតឱ្យបុគ្គលិកចូលបម្រើការងារវិញផងដែរ។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Zoom អាចនឹងប្រើប្រាស់វិធីសាស្ដ្រដើម្បីស្វែងរកប្រាក់ចំណូល ព្រោះកាលពីថ្មីៗនេះបានទិញក្រុមហ៊ុនបង្កើតកម្មវិធី Call-Center (Software) មួយដែលមានឈ្មោះថា Five9 ក្នុងតម្លៃដ៏ថ្លៃរហូតដល់ ១៤.៧ពាន់លានដុល្លារអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ