• ឯកឧត្ដម ស៊ុន ចាន់ថុល កំពុងពិចារណាផាកពិន័យឡានធំ ត្រូវបើកយឺតប្រកាន់ស្ដាំ បែរជាបើកគន្លងឆ្វេងនាំឱ្យស្ទះគេឯង

    ឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋ ដែលបានសួររឿងការបែងចែកគន្លងផ្លូវ នៅប្រទេសកម្ពុជា ហេតុអី មិនបែងចែកតាមប្រភេទរថយន្ត ថារថយន្តប្រភេទណា ត្រូវបើកបរនៅគន្លងណា ? ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យល់ថា នៅក្នុងច្បាប់បានចែងថា ការធ្វើដំណើរនៅលើដងផ្លូវ ត្រូវប្រកាន់ស្ដាំ លើកលែងតែការវ៉ាជែងប៉ុណ្ណោះ ។

    រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងថា សំណួរដែលពលរដ្ឋឆ្ងល់ព្រោះឃើញឡានធំៗមិនបើកនៅគន្លងខាងស្ដាំទេ គឺបើកនៅគន្លងខាងឆ្វេង ដូច្នេះធ្វើឱ្យអ្នកវ៉ាជែងនេះ វ៉ាមិនត្រឹមត្រូវ វ៉ាជែងមិនកើត សុខចិត្តខំវ៉ាជែងខាងស្ដាំ ។ «ដូច្នេះត្រូវប្រកាន់ស្ដាំ យើងបើកយឺតត្រូវនៅខាងស្ដាំ ទុកឱ្យអ្នកបើកតាមល្បឿនកំណត់នេះ គឺបើកខាងឆ្វេង ជាពិសេសឡានធំត្រូវបើកនៅខាងស្ដាំ កុំបើកនៅខាងឆ្វេង» ។ ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែេង ។

    បន្ថែមលើពីនេះលោកបានឱ្យដឹងថា ពេលនេះកំពុងធ្វើវិសោធនកម្មច្បាប់ ហើយអាចមានការផាកពិន័យចំពោះរថយន្តធុនធ្ងន់ ដែលបើកយឺតហើយបើកនៅគន្លងខាងឆ្វេង ។ ឯកឧត្ដម ស៊ុន ចាន់ថុល បន្តថា កំពុងពិចារណាដល់ការផាកពិន័យ ដើម្បីកុំឱ្យបង្កការកកស្ទះចរាចរណ៍ ។

    សូមបញ្ជាក់ថា ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែងដូច្នេះ ក្នុងឱកាសជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសក្រោមប្រធានបទ “សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣” ក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា​ ២០២១ នេះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ