• អាជ្ញាធរចុះបិទហាងឫស្សីផ្អែម នៅខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីលួចបើកដំណើរការល្មើសវិធានការរដ្ឋបាល

    (ភ្នំពេញ)៖ ហាងមួយកន្លែងយីហោ «ឫស្សីផ្អែម» មានទីតាំងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទអាជីវកម្មបន្ទាប់ពីរកឃើញលួចបើកដំណើរការឲ្យភ្ញៀវចូលផឹកស៉ី ល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

    ប្រតិបត្តិការចុះបិទហាងមួយនេះ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ម្សិលមិញ ខណៈមនុស្សចំនួន១០២នាក់ ក្នុងនោះមានទាំងបុគ្គលិក និងអ្នកគ្រប់គ្រងត្រូវបានឃាត់ខ្លួនដើម្បីពិនិត្យសំណាករកជំងឺកូវីដ១៩ផងដែរ។

    សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានអះអាងថា អាហារដ្ឋានឫស្សីផ្អែមនេះ ពុំបានអនុវត្តតាមបទបញ្ជា និងការណែនាំរបស់អាជ្ញាធរនោះទេ ពោលនៅបន្ដលួចលាក់បើកដំណើរការល្មើស និងវិធានការរបស់រដ្ឋបាល ដោយបានលួចដំណើរការទទួលភ្ញៀវ ដូច្នេះទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅបិទ និងឃាត់ខ្លួនមនុស្សប្រុសស្រីនៅទីនោះតែម្ដង។

    ជាមួយគ្នានេះ អាជ្ញាធរក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមស្ដាប់ការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ចំណែកម្ចាស់ហាងខារ៉ាអូខេ KTV បៀរហ្គាដិន ជាដើមពុំអនុញ្ញាតឲ្យបើកដំណើរការទទួលភ្ញៀវចូលទៅផឹកស៉ីនោះឡើយ ព្រោះកន្លែងទាំងអស់នេះ គឺមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ