ក្រោយពីដណ្តើមបានអំណាច ស្រ្តីជាច្រើននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានក្រុមតាលីបង់ បង្ខំឱ្យចូលចង្រ្កានបាយ ដើម្បីចំអិនម្ហូបឱ្យក្រុមពួកគេ។ ស្រ្តីជនជាតិអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានគេរាយការណ៍មកថា ត្រូវបានក្រុមតាលីបង់ ចាប់ដុតទាំងរស់ ដោយសារតែធ្វើម្ហូបមិនត្រូវមាត់ ពួកគេ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Business Insider។
ទាក់ទិននឹងបញ្ហាខាងលើ អតីតមេធាវី អ្នកស្រី Najla Ayoubi បានថ្លែងប្រាប់សារព័ត៌មាន Sky News ឱ្យដឹងថា ស្រ្តីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងងាយរងគ្រោះខ្លាំងនៅក្រោមរបប តាលីបង់។ អតីតមេធាវីរូបនេះ បានបន្តទៀតថា នៅក្នុងក្រសែភ្នែកក្រុមតាលីបង់ ស្រ្តីគឺគ្រាន់ជាឧបករណ៍ដើម្បីបម្រើផ្លូវភេទឱ្យបុរស ប៉ុណ្ណោះ។
លើសពីនេះទៅទៀត ពលរដ្ឋអាហ្វហ្គានីស្ថាន បានត្អូញត្អែរថា ក្រុមតាលីបង់ បានចាប់បង្ខំគ្រួសារដែលមានកូនស្រីមានសម្រស់ស្រស់ស្អាតនិងនៅក្មេងវ័យ ឱ្យរៀបការជាមួយនឹងសមាជិករបស់ក្រុមពួកគេ។ បើសិនជាហ៊ានជំទាស់ នោះអាយុជីវិត មិនធានាថាអាចនៅរស់រានបានឡើយ៕