• លោកជំទាវវេជ្ជបណ្ឌិត បញ្ជាក់ច្បាស់ៗថា ចាក់ដូសទី២ហើយ បានត្រឹម២ខែហើយ ទៅចាក់ដូសទី៣មិនបានប្រយោជន៍អ្វីឡើយ

    ការទុករយៈពេល ៦ ទៅ ៨ ខែ ទើបអាចចាក់ដូសទី៣ ឬ ជាដូសជំរុញ នៅតែជាប្រធានបទមួយ ដែលមានប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់នៅឡើយ ។ សំណួរពលរដ្ឋភាគច្រើនចង់ដឹងថា ប្រសិនបើពួកគាត់ទើបនឹងចាក់ដូសទី២ បាន ២ ខែ ឬ ៣ ខែ តើអាចទៅចាក់ដូសទី៣ ឬ ជាដូសជំរុញនេះបានទេ? អ្នកខ្លះទៀតលើកឡើងថា បើទុកគម្លាតយូរដូច្នេះ ពួកគាត់នឹងត្រូវរង់ចាំយូរទៀតណាស់ទើបបានចាក់វ៉ាក់សាំងបង្កាមេរោគកូវីដ១៩ ដូសទី៣នេះ ។

    ជុំវិញចម្ងល់នេះ បើតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន បានថ្លែងនៅក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី២១ សីហា ឆ្នាំ ២០២១ ក្នុងឱកាសនាំយកអំណោយទៅចែកជូនលោកតា លោកយាយ នៅស្រុករមាសហែក ខេត្តស្វាយរៀង បានឱ្យដឹងថា ក្រោយចាក់វ៉ាក់សាំងដូសទី២ រួច វានឹងចាប់ផ្ដើមបញ្ចេញប្រសិទ្ធភាពរបស់វាបន្តិចៗម្ដង នៅក្នុងសរីរាង្គកាយ រហូតដល់ដំណាក់កាលមួយវានៅថេរ តែចូលដល់ខែទី ៦ វានឹងចាប់ផ្ដើមថយចុះមកវិញ ដូច្នេះហើយ ទើបគេសិក្សាឃើញថា តម្រូវឱ្យមានដូសទី៣ ដើម្បីបង្កើតអង់ទីគ័រឱ្យកាន់តែខ្លាំងដើម្បីវាយលុកជាមួយវីរុសកូវីដ១៩ ។

    លោកជំទាវបានឧទាហរណ៍ យន្តហោះនៅពេលចាប់ផ្ដើមឡើងលើ វានឹងបញ្ចេញកម្លាំង ថាមពលរបស់វាឡើងបន្តិចម្ដងៗ រហូតដល់ល្បឿនមួយហោះថេរ តែនឹងថយចុះថាមពលនៅពេលណាមួយវិញ ដែលត្រូវបន្ថែមថាមពលឱ្យឡើងថេរវិញ ។ ដូច្នេះ បើនិយាយពីការចាក់វ៉ាក់សាំងបង្កាកូវីដ១៩វិញ គឺមានន័យថា ក្រោយចាក់ដូសទី២ ហើយ វាក់សាំងចាប់ផ្ដើមធ្វើការនៅក្នុសរីរាង្គរបស់យើង រហូតដល់មានប្រសិទ្ធភាពថេរក្នុងរយៈពេល១ តែវានឹងថយចុះវិញ ដែលត្រូវចាក់ដូសទី៣ បន្ថែម ។

    លោកជំទាវវេជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកខ្លះគាត់បង្ខំ ទើបបាន២ខែ ចង់ទៅចាក់ដូសទី៣ អាហ្នឹងវាអត់ប្រយោជន៍ ហេតុអីបានថាអត់ប្រយោជន៍ ដូចខ្ញុំនិយាយមិញចឹង យន្តហោះឡើងដល់ល្បឿនមួយវាថេរ ហើយវាកំពុងថេរហើយចាក់ទៀតវាអត់ទៅណាទៀតទេ វាខាតអត់មានផលប្រយោជន៍អីទាំងអស់ ។ ដូច្នេះហើយទើបគេដាក់ពេលវេលាមួយឱ្យយើងចាក់ ហើយពេលវេលាដែលត្រូវចាក់វាអាចខុសគ្នាតិចតួចជាការធម្មតាទេ ដែលយើងមិនត្រូវមានការព្រួយបារម្ភទៅលើចំណុចនេះពេកទេ តែយើងក៏មិនត្រូវហ៊ានពេកដែរ ដូច្នេះមុនសម្រេចចិត្តចាក់ត្រូវសម្រេចចិត្តឱ្យច្បាស់លាស់ និងត្រូវមើលទៅលើបច្ចេកទេសនេះ» ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ