• លោក ចូ បៃដិន ប្តេជ្ញាចិត្តបន្តការជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថានងាយរងគ្រោះ ចេញពីអាហ្វហ្គានីស្ថាន

    (វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្កានីស្ថានងាយរងគ្រោះ ចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ ដោយសុវត្ថិភាព ខណៈក្រុមតាលីបង់កំពុងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ ចាកចេញពីអាកាសយានដ្ឋានរដ្ឋធានីកាប៊ុល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

    បើតាមទីភ្នាក់ងារព័ត៌មាន Reuters ក្រុមតាលីបង់ដែលបានគ្រប់គ្រងអាហ្វហ្កានីស្ថានជាថ្មី កាលពីសប្ដាហ៍មុនបានបាញ់ព្រមានទៅលើអាកាស និងប្រើដំបងដើម្បីបណ្ដេញមនុស្សចេញពីអាកាសយានដ្ឋាន ហើយនៅក្នុងភាពចលាចលនេះ បានបណ្ដាលឱ្យមនុស្ស ០៧នាក់ស្លាប់កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។

    ឆ្លើយតបទៅនឹងភាពចលាចលខាងលើនេះដែរ លោក បៃដិន បានអះអាងថា សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តឥតងាករេក្នុងការជម្លៀស ពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្កានីស្ថានងាយរងគ្រោះ ហើយថាបានបញ្ជាឱ្យក្រសួងការបរទេសអាមេរិក ទាក់ទងជាមួយពលរដ្ឋអាមេរិក ដែលកំពុងជាប់គាំងនៅក្នុងប្រទេសអាហ្វហ្កានីស្ថានតាមទូរស័ព្ទដៃ, សារអេឡិចត្រូនិក ( E-mail) និងមធ្យោបាយដទៃទៀត ដោយរដ្ឋបាលរបស់លោកមានផែនការជម្លៀសពួកគេទាំងអស់ ចេញពីអាកាយានដ្ឋាននៃរដ្ឋធានីកាប៊ុល។

    គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអង់គ្លេស ជនជាតិអាហ្វហ្កានីស្ថាន ៧នាក់បានស្លាប់នៅក្នុងភាពលាចល នៅឯអាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុល កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ កំឡុងមនុស្សរាប់ពាន់នាក់ ព្យាយាមសម្រុកឡើងជិះយន្ដហោះ។ មន្ត្រីអង្គការ NATO ម្នាក់ក៏បានអះអាងដែរថា មនុស្សយ៉ាងហោច ២០នាក់ហើយបានស្លាប់ក្នុងរយៈពេល ៧ថ្ងៃមកនេះ នៅក្បែរអាកាសយានដ្ឋានកាប៊ុល ដោយក្នុងចំណោមពួកគេ ខ្លះស្លាប់ដោយសារគ្រាប់កាំភ្លើង និងខ្លះទៀតស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ