• ថៃ៖ ចំនួនករណីឆ្លងកូវីដ-១៩ សរុបកើនឡើងដល់ជាង «១លាននាក់»

    (បាងកក)៖ ចំនួនករណីឆ្លងជំងឺ COVID-19 ដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃ ពេលនេះបានលោតដល់ខ្ទង់ ១លាននាក់ហើយ ក្រោយពីរបាយការណ៍ថ្មី ចេញដោយក្រសួងសុខាភិបាល ត្រូវបានប្រកាសចេញនៅព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

    ចំនួនករណីឆ្លងផ្ទុះឡើងដល់ខ្ទង់ រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗនៅប្រទេសថៃ ត្រូវបានគេមើលឃើញថា បានកើតមានបន្ទាប់ពីវីរុស COVID-19 បំប្លែងខ្លួន Delta ចាប់ផ្តើមរាតត្បាត ហើយសម្រាប់ចំនួនករណីស្លាប់វិញ ក៏ស្ថិតក្នុងកម្រិតខ្ពស់ ជាមធ្យម ២០០នាក់ក្នុងមួយថ្ងៃផងដែរ។ យ៉ាងណាក៏ដោយ ចំនួនករណីឆ្លងដែលត្រូវបានប្រកាសចេញនៅព្រឹកថ្ងៃសុក្រនេះ គឺជាលើកដំបូងក្នុងរយៈពេល ១០ថ្ងៃ ដែលវាបានធ្លាក់ចុះមកក្រោម ២០,០០០នាក់វិញ។ នៅព្រឹកថ្ងៃសុក្រនេះ ថៃបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន ១៩,៨៥១នាក់ និងអ្នកជំងឺ ២៤០នាក់ទៀតបាត់បង់ជីវិត។

    គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនឡើងដល់ ១,០០៩,៧១០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៨,៨២៦នាក់ និងជាសះស្បើយឡើងវិញ ៧៩៥,៨០៥នាក់។ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៥.២លានដូស ក្នុងនោះប្រជាជន ៥.៥លាននាក់ (៧.៩%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ