• NASA ផ្អាកការងារជាមួយ SpaceX បណ្ដោះអាសន្នបន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុន Blue Origin លើគម្រោងចុះចតលើផ្ទៃព្រះច័ន្ទ

    (អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានសម្រេចចិត្តផ្អាកការងារជាមួយនឹងក្រុមហ៊ុន SpaceX របស់លោក Elon Musk ជាបណ្ដោះអាសន្ន បន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុន Blue Origin របស់កំពូលមហាសេដ្ឋីលំដាប់ទី១ លោក Jeff Bezos ដែលបាន ប្ដឹង រដ្ឋាភិបាលសហរដ្ឋអាមេរិក។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ចៅក្រមអាមេរិកនឹងបើកសវនាការ នៅថ្ងៃទី ១៤ ខែតុលា លើសំណុំរឿងនេះ ខណ:ដែល NASA បានយល់ព្រមដោយស្ម័គ្រចិត្តបញ្ឈប់ការងារលើកិច្ចសន្យារដែល មានទំហំទឹកប្រាក់ ២.៩ពាន់លានដុល្លារ ហូតដល់ថ្ងៃទី ០១ ខែវិច្ឆិកា។

    ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រាប់ DailyMail.com ថា «NASA បានស្ម័គ្រចិត្តផ្អាកការងារជាមួយ SpaceX សម្រាប់គម្រោងផលិតយាននាំយកអវកាសយានិកទៅចុះចតលើផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២៤ ដោយការផ្អាកកិច្ចសន្យានេះចាប់ផ្ដើមពីថ្ងៃទី ១៩ ខែសីហាដល់ថ្ងៃទី០១ ខែវិច្ឆិកា ខណ:ភាគីដែលទាំងពីរក៏បានយល់ព្រមផងដែរ។

    ក្រុមហ៊ុន Blue Origin បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអាមេរិក ដោយបានចោទប្រកាន់ទីភ្នាក់ងារអវកាសអាមេរិក NASA ថាគ្មាន ភាព យុត្តិធម៌ ដោយវាយតម្លៃទៅលើសំណើ (ពាក្យស្នើសុំចូលរួមដេញថ្លៃផលិតយាន) ដែលមិនស្របច្បាប់ និងមិនត្រឹមត្រូវ។

    ពាក់ព័ន្ធនឹងករណីនេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ជាក់ថា ខ្លួននឹងបន្តការងារស៊ើបអង្កេត ក៏ដូចជាសហការជាមួយនឹង តុលាការ ក្នុងការស្វែងរក យុត្តិធម៌។

    យោងតាមផែនការដែលបានគ្រោងទុក នៅឆ្នាំ២០២៤ អវកាសយានិកសរុប០៤នាក់ នឹងចាកចេញពីផែនដីនៅលើយានអវកាស Orion តាមរយៈគ្រាប់រ៉ុក្កែត SLS ដែលកំពុងត្រូវអភិវឌ្ឍឡើងដោយ NASA ផ្ទាល់។ បន្ទាប់មកទៀត អវកាសយានិកពីរនាក់ នឹងត្រូវផ្ទេរចេញទៅកាន់យានរបស់ក្រុមហ៊ុន SpaceX ដើម្បីចុះទៅកាន់ផ្ទៃព្រះច័ន្ទ ជាទីដែលពួកគេនឹងត្រូវចំណាយពេលប្រហែលមួយសប្តាហ៍។ រួចហើយអវកាសយានិកទាំងពីរនាក់ នឹងឡើងយានរបស់ SpaceX ដើម្បីត្រឡប់ទៅជួបយាន Orion វិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ