• ក្រោយចាក់ដូសទី៣ បើចេញប្រតិកម្មទាំងនេះ គឺវ៉ាក់សាំងកំពុងធ្វើការក្នុងសរីរាង្គហើយ

    រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានពន្យល់លម្អិតពាក់ព័ន្ធនឹង ប្រតិកម្មខ្លះៗ អាចកើតមានឡើង បន្ទាប់ពីប្រជាជនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ។ លោកជំទាវបានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ ក្រសួងសុខាភិបាល បានប្រើប្រាស់វ៉ាក់សាំង អាស្រ្តាហ្សេនីកា ដែលផលិតនៅក្នុងប្រទេសអង់គ្លេស និងនៅជប៉ុន។ ជាធម្មតា សម្រាប់វ៉ាក់សាំង បន្ទាប់ពីបានចាក់ចូលរាងកាយយើងហើយ តែងមានប្រតិកម្មឆ្លើយតបមកវិញជានិច្ច ហើយពេលខ្លះក៏អាស្រ័យទៅតាមប្រភេទនៃវ៉ាក់សាំងនីមួយៗផងដែរ។

    លោកជំទាវរដ្ឋលេខាធិការរូបនេះ បានបន្តឱ្យដឹងទៀតថា អ្នកខ្លះចាក់វ៉ាក់សាំងដូសទី៣ហើយ មានអាការៈក្ដៅខ្លួន ឈឺមួយចំហៀងខ្លួន ឈឺក្បាល ក្អួត ឬ ឈឺពោះជាដើម។ លោកជំទាវ បានអំពាវនាវឱ្យប្រជាជនកុំមានការព្រួយបារម្ដ ហើយការចេញនូវសញ្ញានេះ មានន័យថា វ៉ាក់សាំងកំពុងតែធ្វើការជាមួយសរីរាង្គរបស់យើង ហើយវាជាប្រតិកម្មធម្មតារបស់វ៉ាក់សាំងតែប៉ុណ្ណោះ មិនមានអ្វីចម្លែកទេ។

    ថ្លែងក្រោយបញ្ចប់ពិធីប្រគល់អំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយអាយុចាប់លើសពី ១០០ឆ្នាំឡើងទៅ នៅខេត្ដត្បូងឃ្មុំ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា រោគសញ្ញាខាងលើដែលតែងមានឡើងបន្ទាប់ពីចាក់វ៉ាក់សាំងហើយនេះ នឹងអាចបាត់ទៅវិញ ក្នុងរយៈពេល២៤ម៉ោង អ្នកខ្លះអាចដល់ ៤៨ម៉ោង ឫ យ៉ាងយូរបំផុតត្រឹម ៧២ម៉ោង ឬ៣ថ្ងៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ