• សហរដ្ឋអាមេរិក នឹងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ ជូនប្រជាជនអាមេរិកគ្រប់រូបចាប់ពីខែកញ្ញាខាងមុខនេះតទៅ

    (វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីសុខាភិបាលអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញ ឬដូសទី៣ នឹងត្រូវបានផ្តល់ជូនយ៉ាងទូលំទូលាយដល់ប្រជាជនអាមេរិកចាប់ពីថ្ងៃទី២០ ខែកញ្ញាខាងមុខនេះតទៅ ដោយសារតែការថយចុះនៃ ប្រសិទ្ធិភាពវ៉ាក់សាំង ចំពោះមុខការកើនឡើងនូវករណីឆ្លងដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។

    បើតាមគម្រោង ក្រុមមន្រ្តីអាមេរិក នឹងផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ជូនដល់ប្រជាជនអាមេរិកដែលបានទទួលការចាក់វ៉ាក់សាំងរបស់ ក្រុមហ៊ុន Pfizer & BioNTech និង Moderna ចំនួន ២ដូសរួចរាល់ យ៉ាងហោចណាស់រយៈពេល ០៨ខែ។

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា «នេះគឺជាវិធីល្អបំផុត ដើម្បីការពារខ្លួនយើងពី ការឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿន និងងាយបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។ វានឹងធ្វើឱ្យអ្នកមានសុវត្ថិភាពយូរអង្វែង។ វានឹងជួយបញ្ចប់ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះបានឆាប់រហ័ស»។

    លោក បៃដិនបន្ថែមដោយរំពឹងថារដ្ឋាភិបាលអាមេរិកនឹងផ្តល់ការចាក់វ៉ាក់សាំងដូសទី៣ ចំនួន ១០០លានដូសដោយឥតគិតថ្លៃនៅជុំវិញទីតាំងប្រមាណ ៨ម៉ឺន ទីតាំងនៅទូទាំងប្រទេស។

    គួរបញ្ជាក់ថា មានភស្តុតាងជាច្រើនដែលបង្ហាញថា ប្រសិទ្ធិភាពវ៉ាក់សាំងបង្ការជំងឺ COVID-19 មានការថយចុះ បន្ទាប់ពីការចាក់រយៈពេល ០៦ខែ ឬច្រើនជាងនេះ ជាពិសេសចំពោះមនុស្សចាស់ដែលមានបញ្ហាសុខភាពស្រាប់។ ក្រុមមន្រ្តីអាមេរិកបានលើកឡើងពីរឿងនេះនៅក្នុងការសម្រេចចិត្តរបស់ពួកគេលើការចាក់វ៉ាក់សាំងដូសទី៣ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងរបស់អាមេរិកបានបង្ហាញថាមានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយហានិភ័យ នៃការធ្លាក់ខ្លួនឈឺធ្ងន់ ការចូលសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ជាដើម។ សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះក៏បានអនុញ្ញាតរួចហើយដែរសម្រាប់ការចាក់ វ៉ាក់សាំងដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech និង Moderna ជូនប្រជាជនមានប្រព័ន្ធភាពសុំាទន់ខ្សោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ