អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកន្លងមកធ្លាប់ទិញអង្ករហើយលក់វិញខាតដើមដើម្បីសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងកូវីដ១៩នោះ នៅថ្ងៃនេះ បានចេញមុខម្ដងទៀតជួយទិញផ្លែមៀនរបស់កសិករ ហើយលក់ចេញវិញ ក្នុងតម្លៃខាតដើម។
ប្រកាសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុន្មាននាទីមុននេះ ចំពេលបងប្អូនប្រជាកសិករដាំមៀននៅបាត់ដំបង និងប៉ៃលិន កំពុងមានការលំបាកមៀនធ្វើបានផលច្រើន តែមិនអាចលក់ចេញ និងមិនអាចនាំចេញទៅប្រទេសថៃបាន។ អ្នកឧកញ៉ា លើកឡើងថា ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់អ្នកឧកញ៉ាដែរ។
ដូច្នេះហើយ អ្នកឧកញ៉ា សម្រេចចេញមកជាថ្មីជួយរដ្ឋាភិបាល និងជួយកសិករនាគ្រានេះ។ “ខ្ញុំសម្រេចជួយទិញមៀន ឬតាង៉ែន ចំនួន1000តោន ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត់ត្រា ដោយលក់ក្នុងតម្លៃខាតដើម”។ យ៉ាងណាក្ដី អតីតពលកររូបនេះ បញ្ជាក់ថា លោកទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះ មិនទិញពីក្រុមហ៊ុន និងកសិដ្ឋានធំៗនោះទេ ដោយក្នុងនោះ ផលិតផលផ្លែមៀន តាង៉ែនដែលទិញពីកសិករ នឹងត្រូវលក់ចេញទៅវិញក្នុងតម្លៃត្រឹម ១ ៩០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។
“ខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នា សុទ្ធតែមានបំណងចង់ជួយជុំជ្រែងប្រជាកសិករយើងដែលកំពុងជួបប្រទះនូវការលំបាក ដោយសារ covid-19 នេះ ដែលជាវិបត្តិទូទាំងពិភពលោក។ បើសិនជាអាចក្នុងឱកាសសែនខាងមុខនេះបងប្អូនទិញផ្លែមៀនផង!”។
នៅប៉ុន្មានថ្ងៃមុននេះ មានការជួបជុំមួយរបស់បងប្អូនប្រជាកសិករក្នុងសហគមន៍ដាំមៀន តាងែ៉ន នៅខាងបាត់ដំបង ប៉ៃលិន ដើម្បីបង្កើតជាសំឡេងប្រកូកប្រកាសឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយលើបញ្ហាផ្លែមៀនរបស់ពួកគេ មិនអាចនាំចេញទៅក្រៅប្រទេសបាន។ តាមអ្នកតំណាងសហគមន៍អ្នកដាំមៀន បានឲ្យដឹងថា ឆ្នាំនេះ ជាឆ្នាំដែលកសិករដាំមៀនដាំបានផលច្រើនជាងឆ្នាំណាទាំងអស់។
ផលសរុបដែលសហគមន៍ផលិតបាន គឺខ្ទង់ ២០០តោនឯណោះក្នុង១ថ្ងៃ។ប៉ុន្តែទន្ទឹមកសិកររីករាយនឹងការទទួលផល ការនាំចេញមៀនទៅកាន់ថៃ ដែលជាច្រកឆ្លងកាត់មុននាំចេញទៅថៃ ត្រូវបានបិទ។ ដូច្នេះហើយ ទើបពួកគេបានជួបជុំគ្នារកដំណោះស្រាយ។
ក្រោយពីនោះមក គេឃើញផ្ដើមមានការឈឺឆ្អាលបន្តបន្ទាប់ ក្នុងនោះកញ្ញា មាន សូនីតា ក៏បានទៅជួយទិញផលិតផលមានមួយចំនួនពីកសិករ យកមកធ្វើជារបស់បន្ថែមសម្រាប់ការលក់ភេសជ្ជៈក្នុងអាជីវកម្មកាហ្វេ “ណ” របស់នាង។ ជាពិសេស សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសទិញផ្លែមៀនពីកសិករនៅខេត្តបាត់ដំបង និងប៉ៃលិនផងដែរ ដោយការងារនេះ សម្ដេចបានប្រគល់ឲ្យឯកឧត្តមឧត្តមសេនីយ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់សម្ដេចជាអ្នករ៉ាប់រង៕