• ការប្រកួតកីឡា E-Sports លីគអាជីពលើកដំបូងនៅកម្ពុជា រកឃើញ ៤ក្រុមឡើងវគ្គ Regular

    (ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិក (E-Sports) លីគអាជីពលក្ខណៈអន្ដរជាតិលើកដំបូងនៅកម្ពុជា លើវិញ្ញាសា Mobile Legends: Bang Bang គឺការប្រកួតជើងឯក MPL KH Season-1 បានរកឃើញក្រុមខ្លាំង ៤ក្រុមឡើងវគ្គ Regular ហើយ (វគ្គក្រុមខ្លាំង ៨ក្រុមចុងក្រោយ)។

    ព្រឹត្តិការណ៍ដ៏ធំរៀបចំដោយក្រុមហ៊ុន Moonton បានបើកការចុះឈ្មោះចូលរួមតាំងពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ដោយទទួលបានការចុះឈ្មោះចូលរួមដ៏ច្រើនលើសលប់ពីសំណាក់ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីចូលរួមការប្រកួតវគ្គជម្រុះសរុបចំនួន ៦៣៦ក្រុម។

    ប៉ុន្ដែគណៈកម្មការបានចម្រាញ់យកត្រឹម ២៥៦ក្រុមប៉ុណ្ណោះ ដើម្បីដំណើរការប្រកួតជម្រុះផ្លូវការរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី០៨-១១ ខែសីហា ដើម្បីស្វែងរកក្រុមខ្លាំង ១៦ក្រុម ហើយបន្ដការប្រកួតវគ្គដ៏សំខាន់មួយទៀត គឺការប្រកួតដណ្ដើមកៅអីចំនួន៤ ឡើងវគ្គ Regular ចាប់ពីថ្ងៃទី១២-១៥ ខែសីហាកន្លងទៅ។

    ជាលទ្ធផលគេបានរកឃើញក្រុមខ្លាំង ៤ក្រុមដណ្ដើមបានកៅអីវគ្គបន្ដ រួមមានក្រុម DG Quantum, FENNEC Esport, Notorious Angels និងក្រុម ABCDEF ហើយក្រុមទាំង៤ នេះ នឹងត្រូវប្រកួតវគ្គ Regular ជាមួយក្រុមលំដាប់កំពូល ៤ក្រុមទៀតដែលជាក្រុមរាមច្បង និងមានបទពិសោធច្រើនទាំងការប្រកួតក្នុងស្រុក និងអន្តរជាតិ គឺមានក្រុម Impunity KH, SeeYouSoon, NewBlood និងក្រុម Burn Gaming។ ដូច្នេះវគ្គ Regular នឹងមានក្រុមខ្លាំងៗ ៨ក្រុមជួបប្រកួតប្រជែងគ្នា។

    ចំពោះការប្រកួតវិលជុំសន្សំពិន្ទុលក្ខណៈលីគអាជីពរវាងក្រុមខ្លាំងៗនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញាខាងមុខ។ ចំពោះក្រុមទទួលបានពិន្ទុលើគេទ ៦ក្រុមនឹងត្រូវបន្តប្រកួតវគ្គខ្វែងទៀត មុនពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដើម្បីកាត់សេចក្តីរកក្រុមគ្រងជើងឯក MPL KH រដូវកាលទី១ និងក្លាយជាក្រុមតំណាងកម្ពុជា សម្រាប់ចេញទៅប្រកួតឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ M3 World Championship នាចុងឆ្នាំនេះ។

    គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលីគអាជីពលើកដំបូងនៅកម្ពុជានេះ ត្រូវបានរៀបចំឡើង ស្របពេលវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាកំពុងមានការរីកចម្រើន។ ដូច្នេះតាមរយៈការប្រកួត MPL KH រដូវកាលទី១ នេះ ត្រូវបានគេរំពឹងថា នឹងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍ និងជំរុញវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសឈានដល់កម្រិតស្តង់ដារអន្តរជាតិ ដើម្បីឆ្ពោះទៅរកការប្រកួតធំៗកម្រិតអន្ដរជាតិនាថ្ងៃអនាគត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ