• «ខ្ញុំមិនអាចទ្រាំឲ្យអ្នកយកឈ្មោះខ្ញុំ មកលេងសើចបានឡើយ» នេះជាពាក្យ Ronaldo ឆ្លើយតបរឿងចចាមអារ៉ាមថា «ចេញពី Juventus វិលរកទ្រំចាស់»

    (រ៉ូម)៖ កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានរិះគន់យ៉ាងចាស់ដៃទៅលើបណ្តាញសារព័ត៌មានមួយចំនួន ដែលបានភ្ជាប់គាត់ជាមួយនឹងពាក្យបំភ្លៃពីបំណងចាកចេញពី Juventus។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

    យោងតាមការបង្ហោះលើបណ្តាញសង្គម Ronaldo មិនបានបង្ហាញថា គាត់នឹងពិតជាចាកចេញពីក្លិបនៅអ៉ីតាលី ឬក៏បន្តនៅនោះទេ។ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះបាននិយាយថា «គាត់បានផ្តោតលើអាជីពណាស់» ថ្វីបើសេចក្តីរាយការណ៍ព័ត៌មានបានភ្ជាប់គាត់ពីការចូលរួមជាមួយនឹង Real Madrid នៅអេស្ប៉ាញឡើងវិញ ឬទៅ Paris Saint-Germain នៅបារាំង ឬក៏ទៅ Manchester City នៅអង់គ្លេសក៏ដោយ។

    ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់បានហៅពាក្យចចាមអារ៉ាមនោះថា «ជាការមិនគោរពសម្រាប់គាត់ក្នុងនាមជាបុរស និងជាកីឡាករ។ ខ្ញុំមិនអាចបន្តទ្រាំឲ្យអ្នកលេងសើចឈ្មោះខ្ញុំទៀតឡើយ។ ខ្ញុំបន្តផ្តោតលើការងារ និងអាជីពខ្ញុំ ការប្តេជ្ញាចិត្ត និងការរៀបចំ សម្រាប់ការប្រកួតជាច្រើនទៀត»។

    គាត់បន្តថា «និយាយតិច តែធ្វើច្រើន គឺជាបាវចនារបស់ខ្ញុំ តាំងពីការចាប់ផ្តើមអាជីពដំបូង។ ទោះជាយ៉ាងនេះក្តី រឿងគ្រប់យ៉ាងដែលឃើញនៅលើសារព័ត៌មានថ្មីៗនេះ ខ្ញុំត្រូវតែចេញមកទាត់ចោល។ វិធីមិនសមរម្យដែលអនាគតខ្ញុំ ត្រូវបានគ្របដណ្តប់ដោយសារព័ត៌មាន គឺជាការមិនគោរពដល់ក្លិបទាំងអស់ ដែលពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាម ក៏ដូចជាដល់កីឡាករ និងបុគ្គលិកពួកគេ»។

    កាលពីព្រឹកថ្ងៃអង្គារ ប្រធានក្លិប Real Madrid លោក Carlo Ancelotti បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមលើបណ្តាញ Twitter ដោយច្រានចោលពីការរំពឹងទុកនៃការត្រឡប់របស់ Ronaldo ទៅកាន់ក្លិបនៅអេស្ប៉ាញនេះ។

    គាត់សរសេរថា «Ronaldo គឺជាវីរបុរសរបស់ Real Madrid ហើយគាត់ជាមនុស្សដែលខ្ញុំចូលចិត្ត និងគោរព។ ខ្ញុំមិនដែលពិចារណា ការនាំយកគាត់មកវិញទេ #HalaMadrid»។

    សាររបស់លោក Ancelotti ហាក់បញ្ចេញឡើងបន្ទាប់ពីទូរទស្សន៍អេស្ប៉ាញ Spanish TV ដែលកាលពីយប់ថ្ងៃចន្ទផ្សាយថា ការជួបជុំរវាង Real និង Ronaldo ជារឿងទៅរួច ក្រោយពីគាត់ចេញពីក្លិប Juventus ដែលបានទិញក្នុងតម្លៃ ៩៩.២លានផោន ជាមួយកិច្ចសន្យា ៤ឆ្នាំ។

    សូមជម្រាបថា Ronaldo បានចូលរួមជាមួយ Real ក្រោយចេញពី Manchester United កាលពីខែកក្កដា ឆ្នាំ២០០៩ ដែលបានរកគ្រាប់បាល់ ៤៥០គ្រាប់ ក្នុងការលេង ៤៣៨លើក រយៈពេល ៩រដូវកាល។

    ជាមួយ Real, Ronaldo ឈ្នះពាន Champions League ចំនួន ៤ដង និងពាន La Liga ចំនួន ២ដង។ គាត់នៅសល់ ១០ខែទៀតនៅជាមួយ Juventus៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ