• ថ្នាក់ដឹកនាំកំពូលរបស់ Amazon និងជាទីប្រឹក្សាលោក Jeff Bezos លាឈប់ពីតំណេង

    (អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិក Amazon បានបញ្ជាក់ជាផ្លូវការថា លោកស្រី Wei Gao ថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាអតីតទីប្រឹក្សារបស់លោក Jeff Bezos បានសម្រេចចាកចេញពីតំណែង បន្ទាប់ពីបម្រើការងារអស់រយ:ពេល ១៦ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

    លោកស្រី Gao បច្ចុប្បន្នគឺជាអគ្គនាយករងទទួលបន្ទុកផ្នែក បច្ចេកវិទ្យាពាក់ព័ន្ធនឹងផលិតផលគ្រឿងទេស, សង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ហើយបើគិតត្រឹមពេលនេះគឺលោកស្រីបានបម្រើការងារនៅក្នុងក្រុមហ៊ុន Amazon អស់រយ:ពេល ១៦ឆ្នាំមកហើយ។

    យោងតាមការបញ្ជាក់ពីប្រភពខាងលើ និងតាមប្រវត្តិរូបរបស់លោកស្រី Gao នៅលើបណ្ដាញសង្គម LinkedIn បានឱ្យដឹងថា ចន្លោះខែ កក្កដា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២០ លោកស្រីត្រូវបាន Amazon ជ្រើសតាំងជាទីប្រឹក្សា (ប្រយោល) របស់លោក Jeff Bezos មេធំរបស់ Amazon ពីលើតំណែងដែលមានស្រាប់ ខណ:ដែលទីប្រឹក្សាស្រីរបស់លោក Jeff Bezos មានត្រឹមតែពីរនាក់ប៉ុណ្ណោះ។

    អ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បានបញ្ជាក់ឱ្យដឹងថា លោកស្រី Gao នឹងបម្រើការងាររហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ទើប ចាកចេញ ប៉ុន្តែពុំបានបញ្ជាក់ថាគាត់លាឈប់ដោយសារមូលហេតុអ្វីនោះទេ ខណ:ដែលសារព័ត៌មាន Insider បានចេញផ្សាយថា ដោយសារ បញ្ហារង្គោះរង្គើផ្ទៃក្នុង។

    កាលពីសប្ដាហ៍មុន ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកអាជីវកម្ម Cloud របស់ Amazon លោក Charlie Bell និង Jeff Wilke នាយកគ្រប់គ្រងផ្នែកអាជីវកម្ម និងប្រើប្រាស់សកល បានប្រកាសលាឈប់ពីតំណែង ខណ:ដែលប្រភពផ្ទៃក្នុងមួយចំនួនបានលើកឡើងថា ការចាកចេញរបស់ថ្នាក់ដឹកនាំកំពូលៗទាំងនេះគឺបញ្ហាមកពីការតែងតាំងលោក Andy Jassy ជានាយកប្រតិបត្តិ (CEO) ជំនួសលោក Jeff Bezos។

    គួរបញ្ជាក់ផងដែរថា ចាប់តាំងពីដើមឆ្នាំ២០២១មក មានថ្នាក់ដឹកនាំកំពូលៗជាច្រើនរបស់ Amazon បានលាឈប់ពីតំណែង ដែលសរុបទៅ ប្រហែលជា ១០នាក់ ដោយការលាឈប់របស់ពួកគេត្រូវបានធ្វើឡើងក្រោយពេល លោក Jeff Bezos ប្រកាសលាលែងពីតំណែង CEO ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ