• សហរដ្ឋអាមេរិកនឹងមើលឃើញករណីឆ្លងដល់ «២០០,០០០នាក់ក្នុង១ថ្ងៃ» ដោយសារកូវីដ-១៩បំប្លែងថ្មី Delta

    (វ៉ាស៊ីនតោន)៖ លោក ហ្វ្រែនស៊ីស ខូលលីនស៍ (Francis Collins) នាយកវិទ្យាស្ថានជាតិសុខាភិបាល (NIH) នៃសហរដ្ឋអាមេរិកបាននិយាយថា ចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃអាចនឹងលោតដល់ ២០០,០០០នាក់ក្នុងមួយថ្ងៃ នៅទូទាំងសហរដ្ឋអាមេរិក ខណៈវីរុសបំប្លែងថ្មី Delta កំពុងតែជំរុញដំណើរការនេះ ដោយវាមិនទាន់មានសញ្ញា នៃការឈានដល់ចំណុចកំពូលនោះឡើយ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

    លោក Collins បានប្រាប់ទូរទស្សន៍អាមេរិក Fox News កាលពីថ្ងៃអាទិត្យថា «ខ្ញុំប្រាកដជាភ្ញាក់ផ្អើលទៅវិញ ប្រសិនបើរយៈពេលពីរទៅបីសប្តាហ៍ទៀត ចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក មិនបានលោតដល់ខ្ទង់ ២០០,០០០នាក់នោះ ហើយវាក៏នឹងក្លាយជារឿងខូចចិត្តមួយផងដែរ នៅពេលដែលយើងអាចនឹងឈានចូលដំណាក់នោះម្តងទៀត។ វាគួរតែបញ្ចប់ទៅកាលពីខែមករា និងកុម្ភៈ (ឆ្នាំ២០២១) នោះទៅហើយ មិនគួរណាឡើយយើងត្រូវមើលឃើញវា នៅក្នុងខែសីហានេះទៀតឡើយ»។

    លោក Collins បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ឥឡូវនេះយើងកំពុងស្ថិតនៅជាមួយវីរុសបំប្លែងថ្មី Delta ដែលមានសមត្ថភាពចម្លងយ៉ាងលឿនរហ័ស។ ការខកចិត្តបន្ថែមទៀតរបស់យើងពេលនេះ គឺប្រជាជន ៩០លាននាក់ទៀត មិនទាន់ទទួលបានការចាក់វ៉ាក់សាំងនោះឡើយ ដែលហាក់ដូចជាពួកគេកំពុងអង្គុយរង់ចាំឆ្លងវីរុស…។ យើងកំពុងស្ថិតក្នុងពិភពលោកដ៏ឈឺចាប់មួយ ហើយកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចទៅរួច ដើម្បីស្តារស្ថានការណ៍ឡើងវិញ»។

    បើតាមវិទ្យាស្ថានសុខាភិបាលខាងលើ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតពេលនេះ គឺកុមារដែលឆ្លងជំងឺ COVID-19។ កុមារវ័យក្រោម ១២ឆ្នាំនៅសហរដ្ឋអាមេរិក មិនទាន់ទទួលបានការអនុញ្ញាត ឲ្យចាក់វ៉ាក់សាំងបង្ការនៅឡើយទេ ហើយបើតាមទិន្នន័យចុងក្រោយ កុមារដែលឆ្លងជំងឺនេះយ៉ាងហោចណាស់ ២,០០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយចំនួននេះមានការកើនឡើងខ្លាំង តាំងតែពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១មកម្ល៉េះ។ គិតត្រឹមពេលនេះ ក្មេងៗសរុបជាង ៤០០នាក់ហើយ បានបាត់បង់ជីវិតដោយសារវីរុសនេះ នៅសហរដ្ឋអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ