• កីឡាការិនី ខាន់ ចេសា នឹងប្រកួតដណ្ដើមខ្សែក្រវាត់ អមប្រាក់រង្វាន់ ៣ម៉ឺនដុល្លារនាចុងខែកញ្ញា

    (ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម កញ្ញា ខាន់ ចេសា នឹងចូលរួមការប្រកួតដ៏ធំមួយនៅថ្ងៃទី២៥-២៦ ខែកញ្ញាខាងមុខ គឺការប្រកួតកីឡាជឺជិតស៊ូតដណ្ដើមខ្សែក្រវាត់ WNO Strawweight Champion អមប្រាក់រង្វាន់ ៣ម៉ឺនដុល្លារនៅលើសង្វៀន «Who’s Number One ឬនរណាលេខ១» នៅសហរដ្ឋអាមេរិក។

    នេះគឺជាការប្រកួតដ៏ធំប្រចាំឆ្នាំ ក្រោមការរៀបចំរបស់ស្ថាប័ន FloGrappling ដែលត្រូវបានគេចាត់ទុកជាការប្រកួតខ្សែក្រវាត់ទម្ងន់ស្រាលកម្រិតពិភពលោក ដ្បិតមានបេក្ខភាព ៨រូបចូលរួមត្រូវបានសម្រិតសម្រាំង សុទ្ធសឹងជាកីឡាការិនីជើងខ្លាំងលំដាប់ពិភពលោកលើវិញ្ញាសាទម្រងន់ ១១៥ផោន (ទម្ងន់ជាង ៥២គីឡូក្រាម)។

    បេក្ខភាពចូលរួមព្រឹត្តិការណ៍នេះរួមមានកីឡាការិនីប្រេស៊ីល Mayssa Bastos (លេខ១ លើលោកទម្ងន់ Strawweight), កីឡាការិនីចិន Grace Gundrum (លេខ២ លើលោកទម្ងន់ Strawweight), កីឡាការិនី ខាន់ ចេសា (ឈរលេខ៣ លើលោកទម្ងន់ Strawweight) និង ៥រូបទៀត សុទ្ធតែកីឡាការិនីអាមេរិក រួមមានកីឡាការិនី Daniele Kelly, Amanda “Tubby” Alequin, Jessica Crane, Alex Nguye និងកីឡាការិនី Tammi Musumeci។

    ក្នុងចំណោមបេក្ខភាពប្រជែងខ្សែក្រវាត់កម្រិតពិភពលោកនេះ ខាន់ ចេសា ធ្លាប់ជួប និងយកឈ្នះកីឡាការិនីមួយចំនួនមកហើយ លើកលែងកីឡាការិនីប្រេស៊ីល Mayssa Bastos ដែលកីឡាការិនីកូនកាត់ ៣សាសន៍កម្ពុជា-ម៉ិកស៊ិក-អាមេរិក ខាន់ ចេសា ធ្លាប់ប្រកួតចាញ់ ២ដងផ្ទួនៗ កាលពីចុងខែមេសា និងពាក់កណ្ដាលខែឧសភាកន្លងទៅ។

    គួរបញ្ជាក់ថា ចេសា គឺកីឡាការិនីជឺជិតស៊ូជើងខ្លាំងរបស់កម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ នាងធ្លាប់ដណ្ដើមបានពានជាច្រើន ខណៈស្នាដៃធំៗ ដែលនាងដណ្ដើមបានជូនកម្ពុជា គឺឈ្នះមេដាយមាសកីឡាអាស៊ីកាលពីឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី និងឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន។ ទន្ទឹមជាមួយគ្នា កញ្ញាកំពុងទន្ទឹងរង់ចាំមកប្រកួតស៊ីហ្គេម នៅវៀតណាម នាឆ្នាំ២០២២ តំណាងកម្ពុជាផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ