• ផ្ទុះករណីបាញ់ប្រហារនៅទីក្រុង Plymouth របស់អង់គ្លេស, មនុស្ស៦នាក់ស្លាប់ ខណៈប៉ូលិសណែនាំប្រជាជនឲ្យស្ងប់ស្ងាត់

    (ឡុងដ៍)៖ យ៉ាងហោចណាស់ មនុស្ស ០៦នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយ នៅក្នុងតំបន់ ឃីហាំ (Keyham) នៃទីក្រុងភ្លីម៉ោស (Plymouth) ភាគនីរតីប្រទេសអង់គ្លេស កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។

    កងកម្លាំងប៉ូលិសក្នុងតំបន់ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្ស ០៦នាក់បានស្លាប់នៅកន្លែងកើតហេតុ ក្នុងនោះរួមមានទាំងជនសង្ស័យផងដែរ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ដែលនាពេលឥឡូវនេះ កំពុងទទួលការព្យាបាល»។

    កងកម្លាំងប៉ូលិសក្នុងតំបន់ បានគូសបញ្ជាក់បន្ថែមអំពីព័ត៌មាននេះ ដោយសុំឱ្យប្រជាជនកុំស្មាន ឬចែករំលែករូបភាព នៃកន្លែងកើតហេតុនៅលើបណ្តាញសង្គម។ ប៉ូលិសអង់គ្លេសបានសង្កត់ធ្ងន់ថា «ឧប្បត្តិហេតុដ៏សាហាវមួយត្រូវបានប្រកាស។ តំបន់នេះត្រូវបានបិទ ហើយកងកម្លាំងប៉ូលិសជឿជាក់ថា ស្ថានការណ៍នេះនឹងត្រូវបានគ្រប់គ្រង»។

    គួរបញ្ជាក់ថា ព័ត៌មានលម្អិតអំពីអ្វីដែលបានលាតត្រដាង នៅក្នុងទីក្រុងដែលមានប្រជាជនប្រហែល ២៦២,០០០នាក់ ដែលស្ថិតនៅភាគនីរតីប្រទេសអង់គ្លេសនេះ នៅតែមានភាពមិនច្បាស់លាស់នៅឡើយ។ ទោះជាយ៉ាងណា លោក ចននី មើរស៊ើរ (Johnny Mercer) ដែលជាសមាជិកសភាក្នុងតំបន់ បាននិយាយថា ការបាញ់ប្រហារនេះមិនមានពាក់ព័ន្ធនឹងភេរវកម្មឡើយ និងបានជំរុញប្រជាជនឱ្យ «រក្សាភាពស្ងប់ស្ងាត់» នៅពេលពួកគេរង់ចាំការធ្វើបច្ចុប្បន្នភាពពីកងកម្លាំងប៉ូលិស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ