ក្រសួងសុខាភិបាល សម្រេចផ្អាកទទួលយកអ្នកចត្តាឡីស័កក្នុងសហគមន៍ និងផ្ទេរឲ្យធ្វើចត្តាឡីស័កនៅផ្ទះជំនួសវិញ ក្នុងករណីដែលគ្មានការប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកវីរុសកូវីដ១៩ ប្រភេទ ដែលតា។ នេះបើតាមសេចក្តីណែនាំមួយស្តីវិធានការនានាពាក់ព័ន្ធនឹងវីរុសកូវីដបំប្លែងថ្មី ដែលតា របស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។
ដោយមើលឃើញពីភាពចាំបាច់ និងភាពសហាវនៃវីរុសប្រភេទ ដែលតា ក៏ដូចជាដើម្បីគ្រប់គ្រងការធ្វើចត្តាឡីស័កពលករ និងអ្នកប៉ះពាល់ជាមួយនឹងអ្នកជំងឺកូវីដ១៩ ប្រភេទដែលតាក្នុងសហគមន៍ ក្រសួងសុខាភិបាលបានសម្រេចផ្អាកសម្រេចផ្អាកទទួលយកអ្នកចត្តាឡីស័កក្នុងសហគមន៍ ដែលមិនពាក់ព័ន្ធនឹងអ្នកផ្ទុកវីរុសកូវីដ១៩ ប្រភេទដែលតា ហើយផ្ទេរអ្នកចត្តាឡីស័កសហគមន៍ ដែលមិនពាក់ព័ន្ធនឹងអ្នកផ្ទុកវីរុសកូវីដ១៩ ប្រភេទដែលតា ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ។
បច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ១៩ បំប្លែងថ្មី បានកំពុងលុកលុយ និងរាតត្បាតយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ជាមួយភាពសាហាវ និងល្បឿននៃការចម្លងរបស់វា មកកាន់ខ្លួនមនុស្ស ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋការពារ និងប្រុងប្រយ័ត្នឲ្យមែនទែន ចូលរួម ៣កុំ និង ៣ការពារ ៕