• កីឡាករ Lionel Messi ចាប់ផ្តើមហ្វឹកហាត់ជាមួយក្លិប PSG

    (បារាំង)៖ បន្ទាប់ពីទទួលបានការស្វាគមន៍យ៉ាងខ្លាំង និងការបង្ហាញខ្លួនជាសាធារណៈ កាលពីថ្ងៃទី១១ ខែសីហា, កីឡាករ Lionel Messi បានចូលរួមហ្វឹកហាត់ជាដំបូងរបស់លោក នៅឯទីលានហ្វឹកហាត់ Camp des Loges របស់ក្លិប Paris Saint-Germain នាថ្ងៃព្រហស្បតិ៍នេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។

    អតីតកីឡាកររបស់ក្លិប Barcelona វ័យ៣៤ឆ្នាំរូបនេះ បានឈប់សំរាកពីការលេងបាល់ ចាប់តាំងពីឈ្នះពានរង្វាន់ Copa America ជាមួយជម្រើសជាតិអាហ្សង់ទីន កាលពីខែកក្កដា ហើយបានចាប់ផ្តើមការហ្វឹកហាត់ដំបូងរបស់លោក នៅឯក្លិប PSG ជាមួយការហាត់ប្រាណបែបសាមញ្ញ។

    «ខ្ញុំខានលេងអស់រយៈពេលប្រមាណ១ខែមកហើយ ហើយខ្ញុំចាំបាច់ត្រូវហាត់ត្រៀមផ្នែករាងកាយ។ ខ្ញុំរំពឹងថា នឹងរួចរាល់នៅពេលឆាប់ៗ ដោយសារខ្ញុំមិនអាចរង់ចាំ ការប្រកួតបាននោះទេ», នេះបើតាមសម្តី Messi បានលើកឡើង។

    លោកមិនទំនងជាចេញប្រកួតលើកដំបូង ឲ្យក្លិប PSG ក្នុងពេលឆាប់ៗនោះទេ ហើយប្រាកដណាស់ មិនមែននៅចុងសប្តាហ៍នេះនោះទេ នៅពេលដែលក្រុមដឹកនាំដោយលោក Mauricio Pochettino ត្រូវប្រកួតតទល់នឹងក្រុម Strasbourg ក្នុងលីគ Ligue 1 នោះ។

    គួររំលឹកថា Messi បានទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ មុនពេលចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយនឹងជម្រើសអាចបន្តរដូវកាលទី៣បាន។

    PSG ត្រូវបានគេរាយការណ៍ថា បានចំណាយប្រាក់៣៥លានផោន (៤១លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដល់ Messi ដែលនឹងពាក់អាវលេខ៣០ ខណៈអ្នកគាំទ្របានបន្តតម្រង់ជួរគ្នា នៅខាងក្រៅហាងផ្សេងៗគ្នារបស់ក្លិប ក្នុងរដ្ឋធានី ដើម្បីទិញអាវដែលមានឈ្មោះនិងលេខរបស់លោក នៅពីក្រោយខ្នង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ