• វ៉ាក់សាំងស៉ីណូវ៉ាក់ ៣លានដូសទៀត ដឹកមកដល់កម្ពុជាហើយ

    (ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៉ីណូវ៉ាក់ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកពីប្រទេសចិន មកដល់កម្ពុជា វេលាម៉ោងប្រមាណ ១០៖២០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។

    លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ ថា វ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពី ១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ។

    វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក បន្ថែមពីលើវិធានការការពារផ្សេងៗ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

    រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងគ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណជា ២០លានដូសរួចហើយ។ ក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

    តាមរយៈវ៉ាក់សាំងទាំងនេះ បានជួយឱ្យកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួនជាង ៨លាននាក់ហើយ។ ដោយឡែកកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ បានចំនួនជាង ៣៥ម៉ឺននាក់ផងដែរ។

    កម្ពុជា មិនត្រឹមតែជាប្រទេសដែលឈានមុខនៅក្នុងតំបន់លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពេញវ័យ និងមនុស្សវ័យក្មេងប៉ុណ្ណោះទេ។ ពេលនេះកម្ពុជា បានបោះជំហានទៅចាក់វ៉ាក់សាំងដូសទី៣ ជូនអ្នកប្រតិបត្តិការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅជួរមុខ ក៏ដូចជាជនអាទិភាពតាមក្រសួងស្ថាប័ននានាផងដែរ។

    លទ្ធផលដែលសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានស្តែងឱ្យឃើញពីការគិតគូរ និងទំនួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល លើការរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវ។

    មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ បានបង្ហាញការពេញចិត្ត រីករាយ និងថ្លែងអំណរគុណជាពន់ពេកចំពោះរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខចំពោះកិច្ចប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនពួកគេ។

    បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងចំនួន ៤ប្រភេទចាក់ជូនប្រជាពលរដ្ឋរួមមាន៖ ស៉ីណូហ្វាម ស៉ីណូវ៉ាក់ អាស្ត្រាហ្សេនីកា និងចនសុន&ចុនសុន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ