(ប៉ារីស)៖ ក្រោយលេចដំណឹងថា កំពូលកីឡាករ Lionel Messi ចុះកិច្ចសន្យាលេងឲ្យ Paris Saint-Germain (PSG) អាវលេខ៣០ របស់ PSG តម្លៃ ១២៥ដុល្លារក្នុងមួយអាវនោះ ត្រូវបានលក់ដាច់គ្មានសល់ដោយប្រើពេលមិនដល់ ២០នាទីផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន dailystar នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
សារព័ត៌មាន dailystar បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយដំណឹងថា Lionel Messi ផ្លាស់ទៅលេងនៅ PSG ដោយគ្មានតម្លៃខ្លួនជាផ្លូវការដោយពាក់អាវលេខ៣០ ជាលេខដែល Messi ត្រូវពាក់នោះ ត្រូវបានលក់អស់ក្នុងរយៈពេលបំបែកកំណត់ត្រាមួយដ៏អស្ចារ្យ ខណៈដែលការលក់អនឡាញបានផ្ទុះខ្លាំង»។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ Lionel Messi ត្រូវបានប្រកាសចុះកិច្ចសន្យាលេងឲ្យក្លិបបារាំង PSG រយៈពេល ២ឆ្នាំ និងអាចថែមបាន ១ឆ្នាំទៀត ជាមួយនឹងតម្លៃពលកម្មដែលក្លិបនេះផ្តល់ឲ្យគឺ ៤១លានដុល្លារអាមេរិក ក្នុង១ឆ្នាំ។ Messi បានជ្រើសរើសលេខ៣០ នៅក្នុងការលេងនៅ Ligue 1 ដែលជាលេខគាត់ធ្លាប់ពាក់កាលលេងឲ្យ Barcelona លើកដំបូង។
អាវលេខ៣០ ត្រូវបានដាក់លក់នៅលើគេហទំព័ររបស់ PSG ជាមួយនឹងការប្រកាសអំពីការចុះកិច្ចសន្យា ហើយគ្រានោះដែរ ទាំងអាវក្នុងស្រុក និងក្រៅស្រុក ត្រូវបានលក់អស់ មិនដល់ ២០នាទីនោះឡើយ។ មិនមានការបង្ហាញថា មានអាវប៉ុន្មានត្រូវបានដាក់លក់ទេ ប៉ុន្តែប្រភពដដែលបន្តថា អាវមួយដែលមានតម្លៃ ១២៥ដុល្លារអាមេរិក (€107.99 ឬ £92) ជារឿងដ៏ល្អសម្រាប់ក្លិបដ៏ធំនៅបារាំង។
Lionel Messi បានសម្រក់ទឹកភ្នែកចាកចេញពីក្លិបដែលគេលេងតាំងពីអាយុ ១៣ឆ្នាំមកម្ល៉េះ ដោយបន្សល់ទុក ៦៧២គ្រាប់ពីការចូលលេងបាន ៧៧៨ប្រកួតនៅទឹកដី Camp Nou របស់ក្លិបអ្នកមានបុណ្យ Barcelona។ ពេលនៅ PSG កីឡាករ Messi នឹងចាប់ដៃគូជាមួយមិត្តចាស់ Neymar និង Kylian Mbappe ដែលសុទ្ធតែជាកីឡាករមានតម្លៃខ្ពស់នៅតំបន់ប្រយុទ្ធខាងលើផងដែរ៕