• ភ្នំពេញ បន្តបិទសាលារៀនរដ្ឋ និងឯកជន ក៏ដូចជាទីតាំងកម្សាន្តនានារយៈពេល១៤ថ្ងៃទៀត ពីថ្ងៃទី១៣-២៦ ខែសីហា

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បន្តបិទសាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ក៏ដូចជាទីតាំងកម្សាន្តនានា ១៤ថ្ងៃទៀត ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែអាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន ទទួលបាននៅមុននេះបន្តិច។

    រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល១៤(ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១»។

    សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលត្រូវបានផ្អាកបណ្តោះអាសន្ន ១៤ថ្ងៃទៀតនោះ រួមមាន៖

    * សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែ អាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
    * អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៉ីណូ
    * រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា
    * អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ
    * ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
    * រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

    សូមជម្រាបថា អាជ្ញាធររាជធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចរ រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២២ (ម្ភៃពីរ) ដល់ម៉ោង ៣ (បី) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ