• ប៉ូលិសថៃប្រើគ្រាប់កាំភ្លើងជ័រ ឡានទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បាញ់បំបែកក្រុមបាតុករ ដែលប្រមូលផ្តុំគ្នាតវ៉ានៅបាងកក

    (បាងកក)៖ កងកម្លាំងប៉ូលិសបង្ក្រាបកុបកម្មរបស់ថៃ បានប្រើប្រាស់គ្រាប់កាំភ្លើងជ័រ ឡានទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បាញ់បំបែកក្រុមបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នាតវ៉ា នៅតាមដងផ្លូវកណ្តាលទីក្រុងបាងកក កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីទាមទារឲ្យមានការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងជាការបង្ហាញការប្រឆាំងរបស់ពួកគេផងដែរ ទៅលើវិធានការទប់ស្កាត់ COVID-19 របស់រដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។

    ការជួបជុំគ្នាធ្វើបាតុកម្មខាងលើនេះបានកើតមានឡើង នៅចំពោះមុខស្ថានការណ៍ COVID-19 ដ៏តានតឹងទូទាំងប្រទេសថៃ ជាពិសេសនៅក្នុងទីក្រុងបាងកកផ្ទាល់ ខណៈករណីឆ្លងជំងឺនេះជាមធ្យម ២០,០០០ករណី ត្រូវបានរកឃើញក្នុងមួយថ្ងៃៗ និងអ្នកជំងឺរាប់រយនាក់ ក៏បាត់បង់ជីវិតក្នុងមួយថ្ងៃៗផងដែរ។ ការយឺតយ៉ាវទៅលើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរគ្រប់ជំពូក បង្កឡើងដោយជំងឺរាតត្បាតសកលនេះ បាននិងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងៗ ទៅលើរដ្ឋាភិបាលលោក ប្រាយុទ្ធ។

    និស្សិតថៃម្នាក់ឈ្មោះ ប៊ិនចា អាផាន់ (Benja Apan) បានប្រាប់អ្នករាយការណ៍ព័ត៌មាន អំឡុងការធ្វើបាតុកម្ម ឈានចូលដល់យប់ថ្ងៃអង្គារនោះថា «រដ្ឋាភិបាលផ្តាច់ការរបស់លោក ប្រាយុទ្ធ ចាន់អូចា កំពុងបន្តធ្វើការចែកចាយផលប្រយោជន៍សម្រាប់តែបក្ខពួកខ្លួនឯង ដោយទុកឲ្យប្រជាជនឈឺ និងស្លាប់ទៅតាមជោគវាសនារបស់ពួកគេ…»។

    កំលុងការបង្ក្រាបខាងលើនេះ ប៉ូលិសថៃបានព្រមានដល់ក្រុមបាតុករ មិនឲ្យបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ តាមរយៈការបំពានវិធានការរឹតត្បិត ទប់ស្កាត់ការរាតត្បាត COVID-19 នោះឡើយ។ មន្ត្រីប៉ូលិសថៃបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមបាតុករបានប្រើប្រាស់អំពើហិង្សា តាមរយៈការគប់គ្រាប់បែកផ្សែង, ដុំថ្ម, កាំជ្រួច, កាំបិត និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀត ទៅលើកងកម្លាំងមានសមត្ថកិច្ច ដែលជាហេតុបង្ខំឲ្យប៉ូលិស ធ្វើការបង្ក្រាបទៅវិញដើម្បីការពារខ្លួន។

    គួរបញ្ជាក់ថា នៅក្រោយការបង្ក្រាបដ៏ចលាចលនោះ មន្ត្រីប៉ូលិសសរុប ០៦នាក់បានទទួលរងរបួស ដោយក្នុងនោះប៉ូលិសម្នាក់ ត្រូវបានគ្រាប់កាំភ្លើងកែច្នៃ បាញ់ត្រូវចំចង្កេះ។ ដោយឡែកខាងក្រុមបាតុករវិញ គឺមិនទាន់មានសេចក្តីរាយការណ៍ បញ្ជាក់អំពីចំនួនមនុស្សរងរបួសនៅឡើយទេ ប៉ុន្តែប៉ូលិសបានចាប់ខ្លួនបាតុករ ០៦នាក់ និងរឹបអូសម៉ូតូជាង ១០០គ្រឿង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ