អ្វីដែលអ្នកគាំទ្ររង់ចាំនោះ ពេលនេះបានកើតឡើងហើយ ដោយខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញមុខជាកីឡាករ PSG ហើយជាមួយកុងត្រា២ឆ្នាំនិងតម្លៃពលកម្មជាង៤០លានដុល្លារក្នុង១ឆ្នាំ។
ការចុះកុងត្រាជាមួយលោក Al-Khelaifi ប្រធានក្លឹប PSG ខ្សែប្រយុទ្ធ Messi បាននិយាយប្ដេជ្ញាថា៖ “ចក្ខុវិស័យរបស់ក្លឹបគឺស្របតាមមហិច្ឆតារបស់ខ្ញុំ។ ខ្ញុំដឹងថាទេពកោសល្យកីឡាករនិងបុគ្គលិកនៅទីនេះកម្រិតណា។ ខ្ញុំប្ដេជ្ញាថានឹងបង្កើតអ្វីដែលអស្ចារ្យជាមួយពួកគេសម្រាប់ក្លឹប និងអ្នកគាំទ្រ។ ខ្ញុំមិនអាចរង់ចាំបានទេក្នុងការបង្ហាញខ្លួននៅកីឡដ្ឋាន Parc des Princes”។
វត្ដមានរបស់កីឡាករល្អជាងគេលើលោកនេះ ត្រូវបានអ្នកគាំទ្រ PSG ទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត។ ខណៈដែលកីឡាករក្នុងក្លឹបវិញ ក៏បានបង្ហាញពីការស្វាគមន៍វត្តមានរបស់ Messi នេះដែរ ជាពិសេស Neymar ដែលធ្លាប់លេងជាមួយគ្នានៅក្រុម FC Barcelona ដែរ៕