• Alibaba បណ្ដេញអ្នកគ្រប់គ្រងម្នាក់ចេញពីតំណែង និងអ្នកគ្រប់គ្រងពីរនាក់ទៀតលាឈប់ដោយខ្លួនឯង ពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទបុគ្គលិកស្រី

    (ចិន)៖ ក្រុមហ៊ុន Alibaba បានបណ្ដេញអ្នកគ្រប់គ្រងម្នាក់ចេញពីតំណែងភ្លាមៗ បន្ទាប់ពីបានរកឃើញថាបានប្រព្រឹត្តបទល្មើសរំលោភបំពានផ្លូវភេទ និងបានដាក់ពិន័យដល់បុគ្គលិកផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធ ដោយសារតែបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះខូចខាត។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រោយពីមានបុគ្គលិកស្រីម្នាក់ របស់ Alibaba បានបង្ហោះសារថារូបរាងត្រូវបានរំលោភបំពានផ្លូវភេទពីសំណាក់អ្នកគ្រប់គ្រង់ផ្ទាល់របស់នាង រួមនឹងអតិថិជនម្នាក់ទៀតនោះ ក្រុមហ៊ុន Alibaba បានបង្កើតក្រុមស៊ើបសង្កេតផ្ទៃក្នុង និងបានសហការជាមួយប៉ូលិសក្នុងការស៊ើបករណីនេះ។

    យោងតាមសេចក្ដីប្រកាសរបស់លោក Daniel Zhang នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Alibaba បានបញ្ជាក់ថា លោក Wang Chengwen មានតំណែងជាអ្នកគ្រប់គ្រង (Supervisor) បានសារភាពថាបានប្រព្រឹត្តអំពើ «ស្និទ្ធស្នាល» ជាមួយនឹង បុគ្គលិកស្រីរូបនោះមែន។ នៅក្នុងលិខិតក៏បានបញ្ជាក់បន្ថែមទៀតថា លោក Wang Chengwen ត្រូវបានបណ្ដេញចេញពីតំណែង និង មិន ត្រូវបានទទួលឱ្យធ្វើការវិញនៅក្នុងក្រុមហ៊ុន Alibaba ឡើយ បើទោះបីជាក្នុងតំណែង ឬតួនាទីអ្វីក៏ដោយ ព្រោះនេះជាច្បាប់របស់ ក្រុមហ៊ុន។

    ក្រុមហ៊ុន Alibaba បានបញ្ជាក់ថា នៅពេលនេះប៉ូលីសនៅតែបន្តការស៊ើបអង្កេតលើករណីខាងលើដដែល ប៉ុន្តែសម្រាប់ Alibaba គឺបាន បណ្ដេញអ្នកគ្រប់គ្រងរូបនេះចេញពីតំណែង និងបានដាក់ទណ្ឌកម្មដល់បុគ្គលិកដែលជាប់ពាក់ និងកំពុងរងចាំលទ្ធផលនៃការស៊ើបអង្កេត របស់ ប៉ូលិស ខណ:ដែលលោក Wang Chengwen កំពុងប្រឈមមុខនឹងផ្លូវច្បាប់របស់ប្រទេសចិន។

    បើតាមលិខិតរបស់ Alibaba បានឱ្យដឹងថា មានប្រធានផ្នែកពីររូបទៀតបានលាឈប់ពីតំណែងគឺមាន Li Yonghe ប្រធានផ្នែកអាជីវកម្ម ដឹកជញ្ចូនម្ហូបអាហារ និង Xu Kun ប្រធានផ្នែកធនធានមនុស្សអាជីវកម្មដឹកជញ្ចូនម្ហូបអាហារ។

    ពាក់ព័ន្ធករណីរឿងអាស្រូវនេះផងដែរ បានធ្វើឱ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន Alibaba ធ្លាក់ចុះនៅក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះជាប់ៗគ្នា។

    គួរបញ្ជាក់ផងដែរថា បុគ្គលិកស្រីរបស់ Alibaba បានបង្ហោះសារថា នាងត្រូវបានអ្នកគ្រប់គ្រងរបស់នាងចាប់រំលោភនៅក្នុងបន្ទប់សណ្ឋាគារមួយអំឡុងពេល ទៅបំពេញ ការងារ ក្នុងទីក្រុងជីអាន ភាគខាងកើតខេត្តសានដុង ដោយអ្នកគ្រប់គ្រងនាង រួមនឹងអតិថិជនម្នាក់ទៀតមកពីផ្សារទំនើប Jinan Hualian Supermarket បានបង្ខំឱ្យនាងផឹកស្រានៅក្នុងអំឡុងពេលញ៉ាំអាហារពេលល្ងាច ហើយនាងក៏ត្រូវបានគេរំលោភនៅពេលដែលនាងបិទភ្នែក (សន្លប់)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ