• Dixie Fire បានក្លាយជាភ្លើងឆេះព្រៃ អាក្រក់បំផុតលំដាប់លេខ ២ នៅក្នុងប្រវត្តិសាស្ត្រកាលីហ្វ័រញ៉ា

    (កាលីហ្វ័រញ៉ា)៖ អាជ្ញាធរអាមេរិកបានប្រកាសនៅពេលនេះថា ភ្លើងឆេះព្រៃឈ្មោះ ឌីចស៊ី (Dixie Fire) ដែលកំពុងឆាបឆេះនៅតំបន់ ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា (Northern California) បានក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតទី ២ នៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រួចទៅហើយ ដោយមនុស្ស ០៣នាក់ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន និងរាប់ពាន់នាក់ទៀតកំពុងរត់ភៀសខ្លួនចេញពីអណ្តាតភ្លើង ដែលកំពុងលុកលុយយ៉ាងសន្ធោសន្ធៅ នៅក្នុងរដ្ឋមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។

    បើតាមអាជ្ញាធរអាមេរិក គិតត្រឹមថ្ងៃអាទិត្យ ភ្លើងឆេះព្រៃ Dixie Fire បានឆាបឆេះបំផ្លាញព្រៃឈើលើផ្ទៃដីប្រមាណ ៤៦៣,៤៧៧ហិកតាហើយ ដែលកើនឡើងពីចំនួន ៤៤៧,៧២៣ហិកតាកាលពីមួយថ្ងៃមុន។ ឥឡូវនេះ វាកំពុងគ្របដណ្តប់លើផ្ទៃដីដែលមានទំហំធំជាងទីក្រុង Los Angeles ហើយ ខណៈក្រុមពន្លត់អគ្គិភ័យជាង ៥,០០០នាក់ កំពុងព្យាយាមប្រយុទ្ធប្រឆាំងជាមួយវា។

    ភ្លើងឆេះព្រៃ Dixie Fire គឺជាភ្លើងឆេះព្រៃដ៏ធំបំផុតនៅសហរដ្ឋអាមេរិក ប៉ុន្តែជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃធំៗចំនួន ១១ប៉ុណ្ណោះនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នៅចុងសប្តាហ៍នេះ វាបានយកឈ្នះលើភ្លើងឆេះព្រៃឈ្មោះ មិនដូស៊ីណូ ខុមផ្លិច (Mendocino Complex Fire) ដែលបានឆាបឆេះនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំ២០១៨ ដែលធ្វើឱ្យវាក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតទី ២ នៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋ ដែលមានប្រជាជនរស់នៅច្រើនជាងគេ នៅអាមេរិកមួយនេះ។

    គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដ៏ធំបំផុតទី ១ នៅក្នុងប្រវត្តិសាស្ត្រ នៃរដ្ឋកាលីហ្វ័រញ៉ា គឺភ្លើងឆេះព្រៃឈ្មោះ អក់ហ្គឹស ខុមផ្លិច (August Complex Fire) កាលពីឆ្នាំ២០២០។ ភ្លើងឆេះព្រៃ Dixie Fire បាន និងកំពុងឆាបឆេះក្នុងទីតាំងជាច្រើននៃតំបន់ Northern California ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោច ៤០០កន្លែងរួចទៅហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ