ខណៈវីដេអូខ្លីៗលើ TikTok និង Instagram បានទាញយកប្រជាប្រិយភាពពីអ្នកប្រើយ៉ាងខ្លាំង YouTube នៅមិនស្ងៀមនោះទេ បានដុតដៃដុតជើង បញ្ចេញមុខងារ Shorts បណ្ដុំដោយវីដេអូខ្លីៗនិងថែមបានទម្លាក់កញ្ចប់ថវិការ ១០០លានដុល្លារត្រៀមឱ្យអ្នកបង្កើតវីដេអូខ្លីៗទាំងនោះ ដើម្បីផលិត Content រួចបង្ហោះចូលមុខងារថ្មីរបស់ខ្លួន។
គម្រោង YouTube Shorts Fund អាចឱ្យអ្នកផលិតវីដេអូខ្លីៗរកចំណូលបាន ប្រមាណជា ១០០ – ១០០០០ ដុល្លារ ក្នុងមួយខែ។ ចំណូលនេះទៀតសោតត្រូវបានគណនាផ្អែកទៅតាម ចំនួនអ្នកចូលទស្សនា (View) និងទីតាំងរបស់អ្នកទស្សនា(ទីតាំងរបស់អ្នកទស្សនាអាចទទួលបានតម្លៃខុសៗគ្នា) ។
ចំពោះលក្ខខណ្ណចាំបាច់ក្នុងចំណោមលក្ខខណ្ណជាច្រើន YouTube កំណត់ឱ្យវីដេអូខ្លីៗទាំងនោះ ត្រូវតែជាប្រភេទវីដេអូដើម (original short), វីដេអូមិនទាន់បានបង្ហោះចូលបណ្ដាញសង្គមដទៃដូចជា TikTok ឬ Instagram និងត្រូវគោរពទៅតាមគោលការណ៍កម្មសិទ្ធិបញ្ញា ក៏ដូចជាបទបំរាមផ្សេងៗនៃសហគមន៍។
យ៉ាងណា អ្នកផលិតវីដេអូដែលអាចរកចំណូលបានពីគម្រោងខាងលើ YouTube កំណត់ឱ្យចំពោះតែអ្នកដែលនៅក្នុងប្រទេស សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស ប្រេស៊ីល ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ិកស៊ិក នីហ្សេរីយ៉ា រុស្ស៊ី និងអាហ្វ្រិកខាងត្បូង តែប៉ុណ្ណោះ៕