វ៉ាក់សាំងអាមេរិក Pfizer-BioNTech និងវ៉ាក់សាំង Moderna ត្រូវបានទទួលសិទ្ធិនាំចូលមកកាន់ប្រទេសកម្ពុជា។ បើតាមព័ត៌មានបឋមដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានឱ្យដឹងថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាអ្នកនាំចូលពីសហរដ្ឋអាមេរិក។
ឯកឧត្ដមរដ្ឋមន្ត្រីបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «មន្ទីរពេទ្យ Royal Phnom Penh បានទទួលសិទ្ធិអនុញ្ញាតអោយនាំចូល និងគ្រប់គ្រង វ៉ាក់សាំង PfizerBiontech ហេីយ និង Moderna ពី សហរដ្ឋ អាមេរិក ដល់អ្នកដែលអាចមានលទ្ធភាពនឹង ត្រូវការប្រភេទវាក់សាំងទាំងនេះ។ ត្រូវបង់ប្រាក់សម្រាប់វ៉ាក់សាំងទាំងនេះ។»
សូមជម្រាបផងដែរថា បើតាមមជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងសហរដ្ឋអាមេរិក វ៉ាក់សាំងទាំងពីរត្រូវការចាក់ចំនួន ២ដូស ដោយវ៉ាក់សាំងម៉ាក Pfizer មានប្រសិទ្ធភាព ៩៥% ខណៈវ៉ាក់សាំង Moderna មានប្រសិទ្ធភាព ៩៤.១%។
វ៉ាក់សាំងទាំងពីរនេះ មិនមានតម្លៃថេរជាផ្លូវការនោះទេ ដោយសហរដ្ឋអាមេរិកកាលពីខែកក្កដា កន្លងទៅបានទិញវ៉ាក់សាំង Pfizer ក្នុងមួយដូសតម្លៃ ២៤ដុល្លារសហរដ្ឋអាមេរិក ខណៈតម្លៃចាស់វិញត្រឹមតែ ១៩.៥ដុល្លារប៉ុណ្ណោះក្នុងមួយដូស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal។ រីឯសិង្ហបុរីវិញទិញកាលពីខែធ្នូ ឆ្នាំ២០២០ ក្នុងតម្លៃ ៣៩ដុល្លារអាមេរិកក្នុងមួយដូស នេះបើតាមសារព័ត៌មាន Straits Time។ យោងតាមសារព័ត៌មាន Financial Time បានឱ្យដឹងថា វ៉ាក់សាំង Moderna ត្រូវបានលក់ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបក្នុងមួយដូសចន្លោះ ២២.៦០ដុល្លារ ទៅដល់ ២៥.៥០ដុល្លារ៕