• នូវែលសេឡង់ សម្រេចការចាក់វ៉ាក់សាំងបាន «២លានដូស» និងប្តេជ្ញាទប់ស្កាត់កូវីដ-១៩បំប្លែងថ្មី Delta

    (នូវែលសេឡង់)៖ ប្រទេសនូវែលសេឡង់ដែលមានប្រជាជនសរុប ៤.៨៦លាននាក់ នៅពេលនេះបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ២លានដូសហើយ ខណៈប្រទេសដីកោះមួយនេះ បាននិងកំពុងតាមដានយ៉ាងដិតដល់ ក្រែងលោមានវត្តមានវីរុសបំប្លែងថ្មី Delta ដ៏គ្រោះថ្នាក់បំផុតនៅលើទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។

    រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឆ្លើយតបជំងឺ COVID-19 នៃប្រទេសនូវែលសេឡង់ លោក គ្រីស ហ៊ីបឃីនស៍ (Chris Hipkins) បានលើកឡើងថា ជំងឺរាតត្បាតសកល មិនទាន់ឈានទៅរកទីបញ្ចប់នៅឡើយទេ ហើយវាពិតជាសំខាន់ខ្លាំងណាស់ នៅក្នុងការគ្រប់គ្រងវីរុស ជាពិសេសគឺវីរុសបំប្លែងថ្មី Delta ដោយមិនត្រូវឲ្យវាបង្ហាញវត្តមាន នៅលើទឹកដីនូវែលសេឡង់នោះឡើយ។

    បើតាមរដ្ឋមន្ត្រីខាងលើនេះ វ៉ាក់សាំងដែលប្រទេសនូវែលសេឡង់បានប្រើប្រាស់ទាំង ២លានដូសកន្លងមកនេះ គឺសុទ្ធតែជាវ៉ាក់សាំង Pfizer។ បន្ថែមពីនេះ អាជ្ញាធរនូវែលសេឡង់ ក៏បានបង្កើនចំនួនតំបន់ ដែលត្រូវដាក់ឲ្យស្ថិតក្នុងហានិភ័យផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ នៅពេលមានករណីឆ្លង COVID-19 ត្រូវបានរកឃើញភ្លាមៗ។ គិតត្រឹមថ្ងៃពុធនេះ នូវែលសេឡង់មានករណីឆ្លង COVID-19 សរុប ២,៨៧៩ករណី ក្នុងនោះស្លាប់ ២៦នាក់ និងជាសះស្បើយឡើងវិញ ២,៨៧៨នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ