• លោកជំទាវ ឱ វណ្ណឌីន៖ Delta មិនឆ្លងតាមខ្យល់ទេ គឺឆ្លងតាមរបៀបទាំងនេះ

    រយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្ដញសង្គមហ្វេសប៊ុកក្នុងប្រទេសកម្ពុជា បាននាំគ្នាចែករំលែកនូវសារមួយតៗគ្នាថា វីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មី Delta អាចឆ្លងតាមខ្យល់ ។ យ៉ាងណាមិញតើការលើកឡើងនេះត្រឹមត្រូវដែរឬទេ?

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឆ្លើយតបច្បាស់ៗថា វីរុសកូវីដ-១៩ ប្រភេទណាក៏ដោយ ការចម្លងនេះ មិនខុសគ្នានោះទេ ការចម្លងស្ថិតក្នុងរបៀបតែមួយ តាមរយៈដំណក់ទឹកមាត់តូចៗ ទោះបីជាប្រភេទ Alpha Beta Gama ឬ Delta នេះក្ដី ។ ការចម្លងគឺនៅេពលបុគ្គលដែលផ្ទុកវីរុសកូវីដ និយាយ ឬ ក្អក កណ្ដាស ដំណក់ទឹកមាត់តូចៗនោះនឹងខ្ទាតចេញមក ដូចនេះហើយទើបគេតម្រូវឱ្យត្រូវរក្សាគម្លាតយ៉ាងហោចមួយម៉ែត្រកន្លះពីគ្នា ។

    រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថែមថា មួយវិញទៀតការសិក្សាស្រាវជ្រាវកន្លងទៅ ដំណក់ទឹកមាត់តូចៗ ដែលមិនមានទម្ងន់ធ្ងន់ វាអាចអណ្ដែតនៅក្នុងលំហ មិនមែនក្នុងខ្យល់ទេ គឺនៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញ-ចូល ដូច្នេះនៅពេលដែលបុគ្គលដើរចូលទៅ ហើយប្រសិនបើមានមិនមានពាក់ម៉ាសទៀតនោះ វីរុសទាំងនោះ អាចឆ្លងនៅពេលដែលដកដង្ហើមចូល ។ មួយវិញទៀត ប្រសិនបើដំណក់ទឹកមាត់នោះ មានទម្ងន់ធ្ងន់ វានឹងធ្លាក់ទៅប៉ះនឹងផ្ទៃអ្វីមួយនៅក្នុងកន្លែងដែលបិទជិត កន្លែងម៉ាស៊ីនត្រជាក់ជាដើម នៅពេលដែលបុគ្គលដើរចូលទៅហើយទៅប៉ះពាល់នឹងផ្ទៃដែលមានដំណក់ទឹកមាត់តូចៗនោះនាំឱ្យមានការចម្លង ។ ដូច្នេះហើយទើបគេតម្រូវឱ្យឧស្សាហ៍លាងដៃ មុននឹងប៉ះពាល់មុខ ឬ ហូបចំណីអាហារ ។

    ដូច្នេះមានន័យថា ការចម្លងវីរុសកូវីដប្រភេទណាក៏ដោយ គឺស្ថិតក្នុងរបៀបតែមួយ តាមរយៈដំណក់ទឹកមាត់នេះ ។ «វីរុសកូវីដ-១៩ មិនមែននៅក្នុងខ្យល់អាកាសនៅខាងក្រៅនោះទេ សូមកុំយល់ច្រឡំឱ្យសោះ» ។ លោកជំទាវ ឱ វណ្ណឌីន ថ្លែង ។

    ដោយសារតែការចម្លងគឺ តាមរបៀបនេះហើយ ទើបបានជាគេតម្រូវថា ហេតុអ្វីបានជាគេឱ្យពាក់ម៉ាស ? ហេតុអ្វីបានជាគេមិនឱ្យទៅកន្លែងមនុស្សច្រើន? មិនឱ្យទៅកន្លែងបិទជិត? ។ នេះជាចម្លើយបញ្ជាក់យ៉ាងច្បាស់ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ ពីរបៀបដែលវីរុសកូវីដ១៩ ចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ