• ឡាវសម្រេចផ្អាកការចាក់វ៉ាក់សាំង Johnson & Johnson នៅខេត្តចម្ប៉ាសាក់ ក្រោយរកឃើញអ្នករងប្រតិកម្មមិនល្អ

    (វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលខេត្តចម្ប៉ាសាក់ នៃភាគខាងត្បូងប្រទេសឡាវ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយប្រើប្រាស់វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិក ដោយសារតែមានសេចក្តីរាយការណ៍មួយចំនួន អំពីការរងប្រតិកម្មមិនល្អ ពីសំណាក់អ្នកដែលបានចាក់វ៉ាក់សាំង ប្រភេទចាក់តែមួយដូសនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Laotian Times នារសៀលថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។

    យោងតាមសារព័ត៌មានឡាវដដែល មនុស្សយ៉ាងហោចណាស់ ២-៣នាក់ ត្រូវបានរកឃើញថា កើតមានប្រតិកម្មអវិជ្ជមាន នៅក្រោយការចាក់វ៉ាក់សាំង Johnson & Johnson ហើយពួកគេសុទ្ធតែមានអាយុក្រោម ៦០ឆ្នាំ។ ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត វៀងសាយ ស៊ូផាកឌី (Viengsy Souphakdy) ប្រធាននាយកដ្ឋានសុខភាពនៃខេត្តចម្ប៉ាសាក់ បានលើកឡើងថា អាជ្ញាធរបានសម្រេចចិត្តផ្អាកការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson លើមនុស្សអាយុចាប់ពី ២០ឆ្នាំ ដល់ក្រោម ៦០ឆ្នាំ ដើម្បីត្រួតពិនិត្យឡើងវិញអំពីសុវត្ថិភាព។

    វេជ្ជបណ្ឌិត Viengsy Souphakdy បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មនុស្សភាគច្រើន ជាពិសេសអ្នកមានអាយុក្រោម ៦០ឆ្នាំ បានរងផលប៉ះពាល់អវិជ្ជមាន ក្រោយទទួលបានការចាក់វ៉ាក់សាំង (Johnson & Johnson) ដូចជា ស្លេកស្លក់, វិលមុខ និងខ្លះធ្ងន់ធ្ងរដល់ថ្នាក់សន្លប់»។ យ៉ាងណាក៏ដោយ អ្នកមានអាយុលើសពី ៦០ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំង Johnson & Johnson គឺមិនមានប្រតិកម្មអវិជ្ជមាននោះឡើយ។ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ឡាវបានចាក់វ៉ាក់សាំង Johnson & Johnson ជាង ១២៣,០០០ដូសហើយ ជូនប្រជាជននៅខេត្តចម្ប៉ាសាក់ ក្នុងចំណោមវ៉ាក់សាំងប្រភេទនេះសរុប ១លានដូស ដែលអាមេរិកបានបរិច្ចាគដល់ឡាវ តាមរយៈកម្មវិធី COVAX៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ