• បង្ក្រាបបទល្មើសគ្រឿងញៀន ២ករណី នៅភ្នំពេញ និងខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសគ្រឿងញៀន ៥គីឡូក្រាម

    (ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ២ករណីផ្សេងគ្នា ដោយមួយករណីនៅរាជធានីភ្នំពេញ និងមួយករណីទៀតនៅខេត្តកំពង់ស្ពឺ ក្នុងនោះឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤នាក់ និងរឹបអូសគ្រឿងញៀនចំនួន ៥គីឡូក្រាម។

    យោងតាមការបញ្ជាក់ពីមន្ត្រីជំនាញបានលម្អិតអំពីករណីទាំង២នោះថា៖

    * ករណីទី១៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបានស៊ើបអង្កេត និងឈានទៅបង្ក្រាបករណីដឹកជញ្ជូន រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នៅគោលដៅចំនួន ២ ផ្សេងគ្នាជាបន្តបន្ទាប់ ខណៈគោលដៅទី១ នៅកន្លែងផ្ញើអីវ៉ាន់មួយកន្លែងស្ថិតនៅតាមផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង និងគោលដៅទី២ នៅបន្តឆែកឆេរនៅផ្ទះលេខ១០ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។

    ជាលទ្ធផល កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ អាយុ៣១ឆ្នាំ។ រឹបអូសបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សរុប ៤,១១៤ ក្រាម, សារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់សរុប ១២.៣ក្រាម សារធាតុញៀនប្រភេទអ៉ិចស្តាស៊ី (MDMA) ទម្ងន់សរុប ២១.១ក្រាម ពោលគឺមានទម្ងន់សរុប ៤,១៤៧.៤ក្រាម។ ក្រៅពីនេះ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ ២គ្រឿង និងទូរស័ព្ទដៃ ២គ្រឿងទៀត យកទៅរក្សាទុកជាភស្តុតាង។

    * ករណីទី២៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកការស៊ើបអង្កេត និងឈានទៅបង្ក្រាបនៅផ្ទះមួយកន្លែង ស្ថិតក្នុងភូមិទំនប់ ឃុំគូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលមានឈ្មោះ ភឿង ពេជ្រ, ឈ្មោះ តាក់ ថេន និងឈ្មោះ ប៊ុន បាន។ ក្នុងនោះសមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងមានថ្នាំមេតំហ្វេតាមីន (ICE) ទម្ងន់ ១,០២៣.៩៣ក្រាម និងជញ្ជីងថ្លឹងថ្នាំ ២គ្រឿង។

    មន្ត្រីដដែលបានបញ្ជាក់ទៀតថា ក្រោយបង្ក្រាបករណីទាំងនេះហើយ កម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការក្នុងរាជធានី និងខេត្តរៀងៗខ្លួន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ