• ប្អូនស្រីលោក គីម ជុងអ៊ុន ទុកឱកាសឲ្យកូរ៉េខាងត្បូងជ្រើសរើស រវាងការស្តារទំនាក់ទំនងឡើងវិញ ឬធ្វើសមយុទ្ធជាមួយអាមេរិក

    (សេអ៊ូល)៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូចុង បានព្រមានថា ប្រសិនបើកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិកតាមការគ្រោងទុកពិតមែន នោះកិច្ចខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងរវាងកូរ៉េទាំង ២ អាចនឹងត្រូវបានបំផ្លាញ។ នេះបើតាមការដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។

    ការព្រមានខាងលើរបស់អ្នកនាង គីម យូ ចុង ធ្វើឡើងនៅចំពេលកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាដ៏សំខាន់ នៃការស្ដារទំនាក់ទំនងឡើងវិញ។ វិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House កាលពីថ្ងៃអង្គារសប្តាហ៍មុននេះបានប្រកាសថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ ដែលទីក្រុងព្យុងយ៉ាងកាត់ផ្តាច់មួយឆ្នាំមុន នៅពេលទំនាក់ទំនងធ្លាក់ដុនដាបខ្លាំងនោះឡើងវិញហើយ ខណៈមេដឹកនាំប្រទេសទាំងពីរ បាននិងកំពុងប្រឹងប្រែងស្តារចំណងទាក់ទង។

    ជុំវិញបញ្ហាខាងលើនេះ អ្នកនាង គីម យូ ចុង បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីចុងសប្ដាហ៍មុនយ៉ាងដូច្នេះថា «រដ្ឋាភិបាល និងយោធារបស់យើង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើកូរ៉េខាងត្បូងនឹងចូលរួមធ្វើ សមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ឬក៏អាចធ្វើការសម្រេចចិត្តដ៏ធំមួយ… មានសង្ឃឹម ឬគ្មានសង្ឃឹម វាមិនមែនអាស្រ័យលើពួកយើងនោះទេ»។

    គួរបញ្ជាក់ថា បើតាមការគ្រោងទុក សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធយោធារួមគ្នា នៅក្នុងខែសីហានេះ។ កូរ៉េខាងជើងជារឿយៗតែងតែថ្កោលទោស និងចោទថា ការធ្វើសមយុទ្ធយោធាគឺជាការត្រៀមលក្ខណៈ ឈ្លានពានប្រទេសរបស់ខ្លួន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ