• អឺរ៉ុបអះអាងថាក្រុមហ៊ុនអាមេរិក Moderna និង Pfizer បាន «ដំឡើងថ្លៃវ៉ាក់សាំង» របស់ពួកគេហើយ

    (អឺរ៉ុប)៖ ការចេញផ្សាយព័ត៌មានលើកាសែត Financial Times ត្រូវបានដកស្រង់ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer និង Moderna បានដំឡើងថ្លៃវ៉ាក់សាំងរបស់ពួកគេហើយ នៅក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចែកចាយបន្ត នៅក្នុងសហភាពអឺរ៉ុប។

    បើតាមប្រភពដដែល តម្លៃថ្មីសម្រាប់វ៉ាក់សាំង Pfizer ត្រូវបានដំឡើងពី ១៥.៥០អឺរ៉ូ (១៨.៣៧ដុល្លារអាមេរិក) ទៅ ១៩.៥០អឺរ៉ូ (២៣.១៥ដុល្លារអាមេរិក) នៅក្នុងមួយដូស។ ដោយឡែកសម្រាប់វ៉ាក់សាំង Moderna វិញត្រូវបានដំឡើងដល់ ២៨.៥០ដុល្លារអាមេរិកក្នុងមួយដូស ខណៈនៅក្នុងកិច្ចព្រមព្រៀងចាស់ គឺតែជិត ២៣ដុល្លារប៉ុណ្ណោះ។

    គួរបញ្ជាក់ថា អ្នកសារព័ត៌មានបរទេសបានទាក់ទងទៅសួរនាំ អំពីមូលហេតុនៃការដំឡើងថ្លៃវ៉ាក់សាំង នៅក្នុងកិច្ចព្រមព្រៀងថ្មីជាមួយគណៈកម្មការអឺរ៉ុប (EC) ផងដែរ ប៉ុន្តែក្រុមហ៊ុន Pfizer មិនបានឆ្លើយតបឡើយ។ ដោយឡែកទីភ្នាក់ងារព័ត៌មាន Reuters វិញបានទាក់ទងទៅសួរនាំក្រុមហ៊ុន Moderna ហើយភ្លាមៗក៏មិនទាន់ទទួលបានចម្លើយដូចគ្នា។

    សហភាពអឺរ៉ុបកាលពីសប្តាហ៍មុននេះ ធ្លាប់បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់ប្រជាជនក្នុងប្លុកនេះឲ្យបានរហូតដល់ទៅ ៧០% ក្នុងចំណោមប្រជាជនសរុបជិត ៤៥០លាននាក់ នៅត្រឹមចុងរដូវក្តៅនេះ។ អឺរ៉ុបកាលពីខែឧសភា ក៏បានរំពឹងផងដែរថា ខ្លួននឹងទទួលបានវ៉ាក់សាំងជាង ១ពាន់លានដូស ពីក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន ០៤ នៅត្រឹមខែកញ្ញា ឆ្នាំ២០២១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ