• លោក ប្រាយុទ្ធ ចាន់អូចា ប្រាប់ប្រជាជនថា «កុំមើលតែស្ថានការណ៍កូវីដ១៩ ក្នុងប្រទេសខ្លួនឯង គួរមើលប្រទេសដទៃៗផង ដែលកំពុងរងគ្រោះធ្ងន់ធ្ងរ ជាងនៅថៃទៅទៀត»

    (បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្លែងពាក់ព័ន្ធស្ថានការណ៍ COVID-19 នៅក្នុងប្រទេសលោក ដោយអះអាងថា ប្រទេសដទៃៗទៀតលើពិភពលោក កំពុងប្រឈមការរាតត្បាតជំងឺនេះ អាក្រក់ជាងថៃទៅទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។

    ក្នុងបទសម្ភាសន៍ពិសេសមួយ នៅវិមានរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ បានលើកឡើងដូច្នេះថា «ប្រសិនបើនិយាយពីការឆ្លងរាលដាលនៃ COVID-19 នៅក្នុងប្រទេសយើង មើលទៅវាហាក់គួរឲ្យតក់ស្លុតខ្លាំងណាស់ ក៏ប៉ុន្តែខ្ញុំឲ្យចង់អ្នកទាំងអស់គ្នា ព្យាយាមផ្តោតមើលតួលេខករណីឆ្លង និងស្លាប់ដោយសារជំងឺនេះ នៅតាមប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃផ្សេងទៀត នៅជុំវិញពិភពលោកផង»។

    ទោះប្រឈមនឹងការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង ដែលពីរសប្តាហ៍មកនេះស្ថិតនៅលើស១០,០០០នាក់ ក្នុងមួយថ្ងៃក៏ដោយ លោកនាយករដ្ឋមន្រ្តីថៃ នៅតែប្រកាន់ជំហរថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលោក ក្នុងការដោះស្រាយការឆ្លងរាតត្បាត COVID-19 មិនមែនជាបញ្ហាឡើយ ហើយលោកបាននិយាយថា ប្រទេសជាច្រើនផ្សេងទៀត ក៏មិនអាចគ្រប់គ្រងការរាតត្បាតជំងឺនេះបានដូចគ្នា។

    ការរីករាលដាលនៃ COVID-19 បម្លែងថ្មី Delta ដែលឆ្លងលឿន បូករួមជាមួយការលោតឡើងយ៉ាងគំហុក នៃករណីឆ្លងនិងស្លាប់ដោយសារជំងឺនេះ បានបង្កឲ្យសាធារណជនថៃមានក្តីបារម្ភ ព្រមទាំងការរិះគន់ចំពោះរដ្ឋាភិបាលថៃ។ មិនតែប៉ុណ្ណោះ ការរាយការណ៍អំពីអ្នកជំងឺស្លាប់នៅតាមផ្ទះ ដោយសារបញ្ហាខ្វះគ្រែព្យាបាលនៅមន្ទីរពេទ្យ, ការខ្វះវ៉ាក់សាំង, និងភាពលំបាក ក្នុងការទទួលបានសេវាថែទាំសុខភាពផងនោះ បានបង្កើនបន្ទុកបន្ថែមទៀត ដល់រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ។

    ក្នុងបទសម្ភាសន៍ខាងលើ លោកនាយករដ្ឋមន្រ្តីថៃ បានដាស់តឿនឲ្យប្រជាជនកុំជឿរឿងគ្រប់យ៉ាង ដែលពួកគេបានអានឬលឺ ជាពិសេសលើបណ្តាញអ៉ីនធើណែត ដោយលោកបានទទូចឲ្យ ពួកគេពិនិត្យមើលព័ត៌មានទាំងអស់នោះឲ្យច្បាស់លាស់ តាមរយៈការផ្ទៀងផ្ទាត់ជាមួយ អ្វីដែលរដ្ឋាភិបាលរាយការណ៍និងវិភាគវាយតម្លៃ។

    គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ ថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗចំនួន ១៧,៣៤៥នាក់ និងស្លាប់១១៧នាក់ ដែលនាំឲ្យករណីឆ្លង សរុបនៅទូទាំងប្រទេសកើនដល់ ៥៧៨,៣៧៥នាក់ និងស្លាប់៤,៦៧៩នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ