• លោកស្រី ឱ វណ្ណឌីន៖ វីរុសបម្លែងថ្មី Alpha និង Delta កំពុងចរាចរណ៍នៅកម្ពុជា សូមកុំមើលស្រាលឲ្យសោះ!

    (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិលបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះនៅកម្ពុជា មានវីរុសបម្លែងថ្មីពីរប្រភេទ Alpha និង Delta កំពុងចរាចរណ៍នៅសហគមន៍កម្ពុជាយើង ដែលធ្វើឱ្យមានចំនួនអ្នកឆ្លង អ្នកឈឺ និងស្លាប់កើនឡើង ដូច្នេះយើងមិនត្រូវមើលស្រាលទៅលើលទ្ធភាពនៃការរាតត្បាតវីរុសបម្លែងថ្មីនេះនោះទេ។

    លោកស្រី ឱ វណ្ណឌីន បានថ្លែងថា វីរុសបម្លែងថ្មីនេះបានឆ្លងចូលសហគមន៍របស់យើងហើយ ពិសេសប្រភេទ Delta ដែលលទ្ធភាពនៃការឆ្លងមានល្បឿនលឿន ហើយបានឆ្លងតាមតាមរយៈពលករ ធ្វើដំណើរពីប្រទេសថៃ ដែលពេលនេះបានឆ្លងបន្ដទៅ ដល់ក្រុមគ្រូពេទ្យ និងពលរដ្ឋនៅក្នុងសហគមន៍យើង នៅក្នុងខេត្ដឧត្ដរមានជ័យ ព្រះវិហារ សៀមរាប និងខេត្ដកំពង់ធំ ដែលយើងទាំងអស់ត្រូវប្រុងប្រយ័ត្ន។

    ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសនាំយកថវិកាលើកទឹកចិត្ដ ចំនួន១០លានរៀល និងសម្ភារមួយចំនួនទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនលោកយាយ ចាន់ ឃីម រស់នៅខេត្ដសៀមរាប ដែលជាអ្នកទី៧លាន ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

    លោកស្រីរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងបន្ដថា «ការរកឃើញនូវពពួកបម្លែងថ្មីនៅក្នុងសហគមន៍របស់យើង កន្លងមកយើងរកឃើញនៅក្នុងចំណោម ពលករមកពីថៃ ប៉ុន្ដែអាលូវនេះបានឆ្លងបន្ដទៀត គឺចេញពីការប៉ះពាល់ពលករ ដែលត្រលប់មកពីប្រទេសថៃ ដែលឆ្លងនិងឈឺដោយជំងឺកូវីដ១៩ ទៅដល់ក្រុមគ្រូពេទ្យ និងពលរដ្ឋយើងនៅក្នុងសហគមន៍ ដែលរស់នៅ សៀមរាប កំពង់ធំ ឧត្ដរមានជ័យ និងខេត្ដព្រះវិហារ។ ដើម្បីកុំឱ្យវីរុសបម្លែងថ្មីនេះ វាធ្វើចរាចរណ៍ទៅទៀត ទាល់តែមនុស្សកុំចរាចរណ៍ ដូច្នេះសូមមេត្ដាអនុវត្ដវិធានការសុខាភិបាល ៣ការពារ ៣កុំ ឱ្យមានខ្ជាប់ខ្ជូន»។

    លោកស្រីថ្លែងបន្ដថា «វិធានការការពារយើងមានហើយយ៉ាងល្អ និងសុវត្ថិភាព នៅឡើយតែការអនុវត្ដរបស់ប្រជាពលរដ្ឋយើង ជោគជ័យមិនជោគជ័យអាស្រ័យលើការចូលរួម របស់ប្រជាពលរដ្ឋ ប្រសិនបើមិនមានការចូលរួមឱ្យបានត្រឹមត្រូវទេនោះ ការចម្លងនឹងបន្ដទៅហើយ ដូច្នេះហើយឆ្លងមួយដំណាក់ទៀត យើងនឹងហួសបន្ទាប់ក្រហម នៅពេលដែលហួសបន្ទាប់ក្រហមហើយ យើងនឹងពិបាកជាងពេលនេះទៅទៀត សូម្បីតែមូលដ្ឋានសាធារណៈក៏រកកន្លែងដាក់អ្នកជំងឺមិនបាន អ្នកដែលត្រូវការជួយសង្គ្រោះបន្ទាន់អ្នកជំងឺធ្ងន់ៗ ពិសេសជនចាស់ជរាជាដើមក៏គ្មានលទ្ធភាព»។

    ទន្ទឹងនឹងនោះលោកស្រី ឱ វណ្ណឌីន បានធ្វើការអំពាវនាវដល់បុគ្គលគ្រប់រូប ជាពិសេសគឺសហគមន៍របស់យើងត្រូវតែរួមសាមគ្គីគ្នា ដើម្បីចាត់ចែងអនុវត្ដន៍វិធានការ ៣ការពារ ៣កុំ។ លើសពីអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវ គោះស្គរ គោះប៉ោត គោះធុងឡើង ឱ្យក្ដូងក្ដាំ កុំឱ្យនៅស្ងៀម ព្រោះថាកាលណាស្ងៀម ដែលធ្វើឱ្យប្រជាពលរដ្ឋ គិតថា មិនអីទេ ដែលគំនិតថាមិនអីទេៗ នោះនឹងធ្វើឱ្យយើងភ្លេចខ្លួន នោះវីរុសនោះមក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ