• គ្រឿងញៀនជាង៦២គីឡូ ត្រូវបានដុតកម្ទេចចោល នៅខេត្តបាត់ដំបង

    (បាត់ដំបង)៖ គ្រឿងញៀនជាង ៦២គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបទល្មើស១,០៩១សំណុំរឿង ក្នុងខេត្តចំនួន០៦ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តបាត់ដំបង។ គ្រឿងញៀនទាំងនេះ ត្រូវបានរឹបអូសបានពីខេត្ត៦រួមមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តឧត្តមានជ័យ។

    ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២១ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោកអគ្គព្រះរាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ខេត្តបាត់ដំបង, ប្រធានសាលាដំបូងខេត្ត និងលោកព្រះរាជអាជ្ញអមសាលាដំបូងខេត្តទាំង៦ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅក្នុងទីលានបាល់ទាត់បែកចានក្រុងបាត់ដំបង។

    លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង បានឱ្យដឹងថា «លទ្ធផលការងារបង្រ្កាបគ្រឿងក្នុងសំណុំ រឿងទាំង ១,០៩១ មកពី៦ខេត្ត ហើយត្រូវធ្វើពិធីដុតបំផ្លាញចោលនាថ្ងៃនេះ ដែលមានចំនួនសរុបទម្ងន់ ៦២,៥០៧គីឡូក្រាម ក្នុងនោះមានគ្រឿងញៀនប្រភេទគ្រាប់ WY ចំនួន ២២,៩៩៤.៥គ្រាប់»។

    លោក កែវ សុជាតិ បានបញ្ជាក់ថាគ្រឿងញៀន ដែលប្រមូលបានពីការបង្រ្កាបក្នុងបទល្មើសទាំង៦ខេត្តនោះមាន៖

    *ទី១៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងមានសំណុំរឿងចំនួន១៨៥ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់ ៤០,៧៦៩.១១ក្រាម និងថ្នាំញៀនប្រភេទ គ្រាប់ WY ចំនួន១,៨២២គ្រាប់ ស្មើនឹង១៧៥.៧៩ក្រាម។

    *ទី២៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប មានសំណុំរឿងចំនួន៤១៣ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់ ១២,២៨៦.៨៦ក្រាម។

    *ទី៣៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មានសំណុំរឿងចំនួន៣៧០ ដែលមានគ្រឿងញៀនសរុបទម្ងន់ ៧,២៧៩.០៧ក្រាមក្នុងនោះប្រភេទម្សៅចំនួន៥,១៨៦.៥៧ក្រាម និងថ្នាំញៀនប្រភេទ គ្រាប់ WY ចំនួន២០,១៥០គ្រាប់ស្មើនឹង១,៨១៣.៥ក្រាម និងថ្នាំញៀនក្រវីមានទម្ងន់ ២៧៩ក្រាម។

    *ទី៤៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ មានសំណុំរឿងចំនួន៥៣ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់ ១,៣៦០.៨៦ក្រាម។

    *ទី៥៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន មានសំណុំរឿងចំនួន៤៥ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់ ១៨៦.១៨ក្រាម និងថ្នាំញៀនប្រភេទ គ្រាប់ WY ចំនួន១១គ្រាប់ ស្មើនឹង១.១ក្រាម។
    និងទី៦៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តមានជ័យ មានសំណុំរឿងចំនួន២៩ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់ ៤៤៨.៨០ក្រាម ក្នុងនោះប្រភេទជាម្សៅ៣៥២.២១ក្រាម និងថ្នាំញៀនប្រភេទ គ្រាប់ WY ចំនួន១,០១១.៥គ្រាប់
    ស្មើនឹង៩៦.៥៩ក្រាម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ