• ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ត បើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ពីគ្រោះថ្នាក់នៃមេរោគកូវីដ១៩ ដល់ប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើទៅកាន់អភិបាលរាជធានី-ខេត្ត អនុវត្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់នៃមេរោគកូវីដ១៩ ព្រមទាំងផ្លាស់ប្ដូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុស កូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឱ្យបានត្រឹមត្រូវ។

    ក្នុងលិខិតជម្រាបទៅកាន់អភិបាលរាជធានី-ខេត្តនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង បានគូសរំលេចថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ កំពុងឈានទៅរកការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល ធ្វើឱ្យបាត់បង់អាយុជីវិតប្រជាជន រួមទាំងផលវិបាកសង្គម និងសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ជាពិសេសការមកដល់នៃវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) ដែលមានសមត្ថភាពឆ្លងរីករាលដាលលឿនជាងមុន និងបង្ករជាជំងឺកូវីដ១៩ ធ្ងន់ធ្ងរជាងមុន ដែលទាមទារឱ្យមានការ ប្រឹងប្រែងខ្លាំងបំផុតក្នុងដំណាក់កាលនេះដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការធ្លាយចូលក្នុង សហគមន៍នូវវីរុសកូវីដ-១៩ ប្រភេទដែលតា។

    លោករដ្ឋមន្ត្រីសុខាភិបាលបន្តថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូដ-១៩ (គ្របក) ចាត់ទុកថាការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍ ព្រមទាំងស្ថាប័ន និងវិស័យ ឯកជន ក្នុងការអនុវត្តវិធានការបង្ការ និងការពារខ្លួនពីមេរោគកូវីដ-១៩ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

    «ដូច្នេះដើម្បីទាក់ទាញប្រជាពលរដ្ឋឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើងវិញ ក្នុងការប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ» ការបើកយុទ្ធនាការទូទាំងប្រទេសដើម្បី អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យយល់ដឹងអំពីគ្រោះថ្នាក់នៃ វីរុសកូវីដ-១៩ ដែលនៅបន្តមានជាប់ជាប្រចាំព្រមទាំងផ្លាស់ប្ដូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹង វត្តមាននៃវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឱ្យបានត្រឹមត្រូវ គឺជាសកម្មភាពយុទ្ធសាស្ត្រដ៏សំខាន់បំផុត»។ នេះជាការអំពាវនាវរបស់លោករដ្ឋមន្ត្រី។

    លោករដ្ឋមន្ត្រី បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពក្នុងគ្រប់ទីតាំង និងឱ្យបានឆាប់បំផុតលើវិធានការសំខាន់ដូចខាងក្រោម៖

    * ចាត់ចែងរៀបចំបិទតាំងផ្សព្វផ្សាយនូវសម្ភារដែលបានផ្តល់ដោយក្រសួងសុខាភិបាល តាមរយៈការគាំទ្ររបស់ អង្គការយូនីសេហ្វ (UNICEF) ដែលបានបែងចែកជូនដល់គ្រប់រាជធានី-ខេត្តទាំងអស់ឱ្យបានឆាប់រហ័សទៅ ដល់គ្រប់ភូមិគោលដៅ និងបន្តសហការជាមួយដៃគូពាក់ព័ន្ធ សង្គមស៊ីវិល ក្នុងរាជធានី-ខេត្ត ទាំងអស់ដើម្បី បោះពុម្ព ចែកចាយ សម្ភារអប់រំសុខភាពឱ្យបានទូលំទូលាយទូទាំងរាជធានី-ខេត្ត។

    * ជំរុញការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងសហគមន៍នូវសារអប់រំសុខភាពរបស់ក្រសួងសុខាភិបាលដែល មានផ្ដល់ជូននៅក្នុងយូធូបរបស់ក្រសួងសុខាភិបាលhttps://youtube.com/channel/UCQV28G-Ib7Cal7-nF9JIBJQ និងតាមហ្គូហ្គោល តាមរយៈអាជ្ញាធរ ថ្នាក់ក្រោមជាតិ និងដោយមានការចូលរួមពីសហគមន៍ ដូចជាការ ផ្សព្វផ្សាយតាមរយៈការផ្សាយតាមឧស្ងោសនស័ព្ទ ការបិទតាំងរូបភាពផ្ទាំងធំ ចែកចាយខិតបណ្ណ ការផ្សព្វផ្សាយ តាមទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមដល់ប្រជាជន ជាពិសេសដល់សហគមន៍ងាយរងគ្រោះ និងសហគន៍ ក្រីក្រជាដើម។ ការផ្សព្វផ្សាយត្រូវធ្វើឡើងជាប្រចាំក្នុងកំឡុងពេលនេះដើម្បីរំលឹកសាធារណជនអំពីហានិភ័យនៃ ជំងឺនេះដែលអាចនឹងផ្ទុះឡើងទ្រង់ទ្រាយធំគ្រប់ពេលវេលា។

    * ណែនាំ និងចាត់វិធានការដល់អាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជាក្លឹបកម្សាន្ត អាជីវកម្ម ម៉ាស្សា ហាង លក់និងសេពគ្រឿងស្រវឹង ព្រមទាំងភោជនីយដ្ឋាន ទីកន្លែងលក់អាហារ ទីផ្សារ ផ្សារទំនើប ធនាគារ និងកន្លែង ប្រកបអាជីវកម្មផ្សេងៗ ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៅការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការ ការឆ្លងជាយថាហេតុនូវវីរុសកូដ-១៩ នៅពេលជួបជាមួយអតិថិជនទូទៅនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។

    * ចាត់វិធានការបិទជាបណ្តោះអាសន្ននូវទីតាំងអាជីវកម្មណាដែលមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង សុខាភិបាល។ ណែនាំ និងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល នៅសហគមន៍ ដូចជាចាត់តាំងអាជ្ញាធរ ភូមិ ឃុំ ស្រុក និងតំណាងសហគមន៍ ត្រួតពិនិត្យ និងណែនាំការអនុវត្តគម្លាតសុវត្ថិភាពបុគ្គលពីម្នាក់ទៅ ម្នាក់ឱ្យបាន ១.៥ម៉ែត្រឡើងទៅ នៅតាមទីសាធារណៈនានា។ អនុវត្តគម្លាតសុវត្ថិភាពសង្គមឱ្យបានម៉ត់ចត់ ដោយហាមឃាត់ ឬកាត់បន្ថយឱ្យបានជាអតិប្បរិមា នូវការជួបជុំគ្នាក្នុងសង្គម ដូចជា ការរៀបអាពាហ៍ពិពាហ៍ ពិធី បុណ្យនានា មានដូចជាការជួបជុំគ្នា ក្នុងពិធីបុណ្យជាតិ ពិធីបុណ្យសាសនា ពិធីបុណ្យប្រពៃណី ឬពិធីបុណ្យ ផ្សេងៗ ការប្រគំតន្ត្រី ការដើរលេងជួបជុំ បរិភោគអាហារជាមួយមិត្តភក្តិខាងក្រៅផ្ទះ ការជួបជុំពិធីខួបកំណើត ឬ ការធ្វើពិធីឡើងផ្ទះក្នុងទ្រង់ទ្រាយធំ ការធ្វើដំណើរកម្សាន្តប្រមូលផ្តុំគ្នាច្រើនជាដើម។

    * ណែនាំ និងចាត់វិធានការ ជំរុញប្រជាជនក្នុងសហគមន៍ឱ្យយកចិត្តទុកដាក់រក្សាអនាម័យឱ្យបានស្អាតជានិច្ច ដោយលាងដៃដោយប្រើទឹកស្អាតជាមួយសាប៊ូ ឬអាល់កុល ទឹកដែលលាងដៃ ឱ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ ឱ្យបានត្រឹមត្រូវជាប្រចាំ (នៅក្នុងករណីចាំបាច់) ឬប្រើកន្សែង ក្រមា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះ ពេលក្អកកណ្តាស់ ។ ណែនាំដល់អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រី មានផ្ទៃពោះ និងកុមារតូចៗជាដើម ជៀសវាងចេញពីផ្ទះបើមិនចាំបាច់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ