• ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប

    (សៀមរាប)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមទាំងមានអ្នកពាក់ព័ន្ធចូលរួមមួយចំនួនទៀត ដោយកម្មវិធីនេះដែរបានរៀបចំឡើងដោយអនុវត្តន៍តាមវិធានការសុខាភិបាល យ៉ាងតឹងរ៉ឹងផងដែរ។

    មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ជាមណ្ឌលទី៥ ដែលសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងតាមរយៈការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងទំនើបកម្មនៃការផ្តល់ សេវារដ្ឋបាល ឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ ដើម្បីជួយសម្រួលក្នុងការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់នីតិវិធី ស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាព នៃការផ្តល់សេវាឱ្យកាន់តែមាន ភាពប្រសើរឡើង។

    តាមរយៈមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ប្រជាពលរដ្ឋអាចទទួលយកសេវាប្តូរបណ្ណបើកបរយានយន្ត ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៨យប់ ស្ថិតនៅជាន់ទី២ នៃផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) ដែលមានអាសយដ្ឋានអាគារលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

    សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន គិតមកដល់ពេលនេះបានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ បានចំនួន ៥ទីតាំងហើយ រួមមាន៖ មណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរផ្សារទំនើបអ៊ីអន១ បើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ប្រភេទសេវា៖ ប្ដូរ និងពន្យាបណ្ណបើកបរយានយន្ត (ជនជាតិខ្មែរ), មណ្ឌលផ្ដល់សេវាបណ្ណបើកបរផ្សារទំនើបអ៊ីអន២ បើកដំណើរការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ប្រភេទសេវា ប្ដូរ និងពន្យាបណ្ឌបើកបរយានយន្ត (ជនជាតិខ្មែរ និងបរទេស), មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល បើកដំណើរការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រភេទសេវា៖ ចុះបញ្ជីយានយន្ត, ផ្ទេរកម្មសិទ្ធិយានជំនិះ និងផ្ដល់បណ្ណបើកបរយានយន្ត (ខ្មែរ និងបរទេស)

    មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បើកដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ប្រភេទសេវា៖ ចុះបញ្ជីយានយន្ត, ផ្ទេរកម្មសិទ្ធិយានជំនិះ, ប្ដូរបណ្ណបើកបរយានយន្ត (ខ្មែរ និងបរទេស), ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) , អាជីវកម្មដឹកជញ្ជូន, អាជីវកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ ឆ្លងកាត់ព្រំដែន និងកំពង់ផែ និងមណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប ហេរីថេក វ៉ក ដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ប្រភេទសេវា៖ ចុះបញ្ជីយានយន្ត, ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត (ខ្មែរ និងបរទេស), ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ