• យោធាចិនព្រមានថា ទំនប់វារីអគ្គិសនីស្ថិតនៅភាគកណ្តាលប្រទេស «អាចនឹងបាក់គ្រប់ពេលវេលា»

    (ប៉េកាំង)៖ យោធាចិនបានធ្វើការព្រមានថា ទំនប់វារីអគ្គិសនីដ៏ធំមួយ ដែលស្ថិតនៅក្នុងខេត្តភាគកណ្តាលប្រទេស អាចនឹងបាក់គ្រប់ពេលវេលា បន្ទាប់ពីវាបានរងទទួលរងភ្លៀងធ្លាក់យ៉ាងដំណំ ដែលបានបណ្តាលឲ្យកម្រិតទឹក កើនឡើងខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។

    អាជ្ញាធរឧតុនិយមនៃប្រទេសចិន បានចេញសេចក្តីព្រមានក្នុងកម្រិតខ្ពស់បំផុត សម្រាប់ខេត្ត ហឺណាន (Henan) ភាគកណ្តាលប្រទេស ខណៈភ្លៀងធ្លាក់យ៉ាងសន្ធប់ ដែលបង្កឡើងដោយព្យុះ បាននិងកំពុងបង្កឲ្យមានការរាំងស្ទះ ដោយសារទឹកជំនន់យ៉ាងគំហុក កើតមានតាមផ្លូវ កំលុងពេលដែលប្រជាជនងាយរងគ្រោះ ត្រូវជម្លៀសចេញទៅកាន់ទីកន្លែងមានសុវត្ថិភាព។

    កាលពីយប់ថ្ងៃអង្គារ កងទ័ពរំដោះប្រជាជនចិន (PLA) បានព្រមានថា ភ្លៀងធ្លាក់ឥតឈប់ឈរបានបង្កឲ្យមានស្នាមប្រេះប្រវែង ២០ម៉ែត្រ នៅតំបន់ទំនប់វារីអគ្គិសនី យីហឺតាន់ (Yihetan) ស្ថិតក្នុងទីក្រុង ឡយ៉ាង (Luoyang) ដែលមានប្រជាជនរស់នៅជាង ៧លាននាក់ ហើយវាអាចបាក់គ្រប់ពេលវេលា។

    បើតាមសេចក្តីប្រកាសរបស់ទីបញ្ជាការថ្នាក់មជ្ឈិមនៃ PLA កងកម្លាំងរបស់ខ្លួន ត្រូវបានបញ្ជូនទៅកាន់តំបន់ទំនប់វារីអគ្គិសនីខាងលើនេះ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ ព្រមទាំងបង្វែទិសដៅទឹកជំនន់។ គួរបញ្ជាក់ថា ទឹកជំនន់ និងព្យុះភ្លៀងទាំងតូចទាំងធំ តែងតែបង្កការគំរាមកំហែង មកលើប្រទេសចិនយ៉ាងដំណំ ជាពិសេសទៅលើខេត្តភាគកណ្តាល ភាគអាគ្នេយ៍ និងខេត្តជាប់ឆ្នេរសមុទ្រ នៅអំលុងរដូវវស្សារៀងរាល់ឆ្នាំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ