គណៈរដ្ឋមន្រ្តីថៃបានអនុម័តទៅលើសំណើរដើម្បីអនុញ្ញាតឱ្យក្រុមពលករចំណាកស្រុកចំនួន ៤ ក្រុមដែលមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា បន្តការស្នាក់ នៅនិងធ្វើការនៅប្រទេសថៃដោយស្របច្បាប់រហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំក្រោយ ដើម្បីអនុញ្ញាតឱ្យពួកគេធ្វើការបែងចែកស្ថានភាពការងារ និងការអនុញ្ញាតការងារដូចដែលបានតម្រូវដោយបទបញ្ជាកាលពីពេលមុន។
កាសែត Bangkok Post បានដកស្រង់សំដីរបស់រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin ដែលបាននិយាយថា សេចក្តីសម្រេចនេះត្រូវបានឈានដល់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងទៅ។ ពលករចំណាកស្រុកជាច្រើននាក់ទៀតដែលមានប័ណ្ណការងារហួសសុពលភាពបន្ទាប់ពីពួកគេមិនបានស្វែងរកនិយោជកថ្មីក្នុងរយៈពេល ៣០ថ្ងៃដែលជាតម្រូវការរបស់ច្បាប់ បន្ទាប់ពីការចាកចេញ ឬការបាត់បង់ការងារពីមុន។
យ៉ាងណារដ្ឋាភិបាលថៃបានសម្រេចចផ្តល់សិទ្ធិដល់ពួកគេបន្ថែមទៀតដែលអនុញ្ញាតឱ្យពលករចំណាកស្រុកស្នាក់នៅរហូតដល់ចន្លោះពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ៦ ខែកញ្ញា អាស្រ័យទៅលើកាលបរិច្ឆេទផុតកំណត់នៃប័ណ្ណការងាររបស់ពួកគេ។ ជាមួយនឹងជំងឺរាតត្បាតដែលនៅតែមិនមានសញ្ញានៃការបន្ធូរបន្ថយនោះ ឥឡូវនេះពលករចំណាកស្រុកកំពុងប្រឈមនឹងការបាត់បង់ឋានៈជាពលករចំណាកស្រុកស្របច្បាប់នៅក្នុងប្រទេសថៃ៕