• កូរ៉េខាងជើងកំពុងជំរុញគោលការណ៍សេដ្ឋកិច្ច «ខ្លួនទីពឹងខ្លួន» និងប្រឆាំងការហូរចូលវប្បធម៌បរទេស

    (សេអ៊ូល)៖ កាសែតផ្លូវការរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានអំពាវនាវ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសេដ្ឋកិច្ច «ខ្លួនទីពឹងខ្លួន» បើទោះបីជាស្ថានភាពសេដ្ឋកិច្ច មានភាពប្រសើរឡើងវិញក៏ដោយ ដោយសំអាងថា ប្រទេសនេះនឹងលែងពឹងផ្អែកអ្នកដទៃ លុះត្រាណាតែអាចឈរជើងបានដោយខ្លួនឯង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។

    ការសង្កត់ធ្ងន់របស់ប្រទេសកូរ៉េខាងជើងទៅលើគោលការណ៍ «ខ្លួនទីពឹងខ្លួន» ហាក់ដូចជាមានគោលបំណងរឹតបន្តឹងវិន័យផ្ទៃក្នុង ចំពេលស្ថានភាពសេដ្ឋកិច្ចកំពុងតែមានភាពអាប់អួរ ដែលបណ្តាលមកពីការដាក់ទណ្ឌកម្មជាសកលរយៈពេលវែង និងការត្រួតពិនិត្យព្រំដែន ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19។

    រ៉ូដុង ស៉ីនមុន (Rodong Sinmun) ដែលជាកាសែតផ្លូវការរបស់ប្រទេសកូរ៉េខាងជើង បានគូសបញ្ជាក់ថា «ទោះបីជាកិច្ចសហប្រតិបត្តិ និងការផ្លាស់ប្ដូរមានភាពធំទូលាយ និងលក្ខខណ្ឌមានភាពអំណោយផលក៏ដោយ ការដែលគ្មានជំនឿលើឥទ្ធិពលអំណាចរបស់ខ្លួន នឹងជៀសមិនរួចពីការស្ថិតនៅក្រោម ការគ្រប់គ្រងរបស់អ្នកដទៃឡើយ»។

    កាសែតនេះបានគូសបញ្ជាក់បន្ថែមថា «ការឈ្លក់វង្វេងនឹងរបស់ល្អៗរបស់អ្នកដទៃ និងការស្កប់ស្កល់នឹងភាពជោគជ័យតែមួយប៉ប្រិចភ្នែក ដោយមិនបានពង្រឹងឥទ្ធិពលអំណាចរបស់ខ្លួន គឺជាទង្វើឆោតល្ងង់មួយដែលអាចនឹងបំផ្លាញខ្លួនឯង»។

    កាសែតនេះ ក៏បានគូសបញ្ជាក់បន្ថែមទៀតពីសារៈសំខាន់នៃ «ភាពបរិសុទ្ធ» នៃមនោគមវិជ្ជា ដែលជាក់ស្តែងស្របនឹងការលើកឡើងរបស់ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ លើការការពារសង្គមនិយម ប្រឆាំងនឹងលំហូរវប្បធម៌មូលធន ចូលមកកាន់ប្រទេសផងដែរ។ ជុំវិញបញ្ហានេះ កាសែតនេះបានជំរុញឱ្យមេដឹកនាំគណបក្សប្តេជ្ញាចិត្ត ចំពោះសេវាកម្មសាធារណៈ និងខិតខំប្រឹងប្រែងលុបបំបាត់ការិយាធិបតេយ្យ អំពើពុករលួយ និងទង្វើដទៃៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ការច្នៃប្រឌិតរបស់ប្រជាជន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ