• ប្រាសាទតុបខាងលិច មានអាយុកាល១ពាន់ឆ្នាំ ទ្រុឌទ្រោមស្ទើរទាំងស្រុង ជំរុញឱ្យអាជ្ញាធរជាតិអប្សរាបើកការជួសជុស

    (សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ា ប្រទេសជប៉ុន បាននិងកំពុងដំណើរការជួសជុលតួកណ្តាលនៃប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតដួលរលំស្ទើរតែទាំងស្រុង ដោយសារកត្តាអាយុកាល កត្តាមនុស្ស និងកត្តាធម្មជាតិ ខណៈរហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលជាង ៦០ ភាគរយហើយ។

    លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិណារ៉ា បានឱ្យដឹងថា ការអនុវត្តគម្រោងជួសជុលតួប្រាង្គកណ្តាលប្រាសាទតុបខាងលិច បានចាប់ផ្តើមពីឆ្នាំ២០១៧ រហូតដល់ពេលនេះ ក្រុមការងារបានធ្វើកិច្ចការសំខាន់ៗជាច្រើនទៅតាមបច្ចេកទេសអាណាស្ទីឡូ (Anastylosis) ដោយមានការរុះរើទាំងស្រុងនូវតួប្រាង្គកណ្តាលចាប់ពីដំបូលចុះមកគ្រឹះថ្មបាយក្រៀមចាស់ រួចធ្វើការបង្ហាប់ពង្រឹងបណ្តាទីតាំងចន្លោះប្រហោងនៅផ្នែកខាងក្រោម ដែលជាចំណុចបង្កឱ្យមានការស្រុតរលំតួប្រាសាទ ហើយធ្វើការរៀបផ្គុំតួប្រាង្គឡើងវិញទៅតាមលំនាំដើមទាំងស្រុង។

    ក្នុងការរៀបផ្គុំឡើងវិញនេះ ក្រុមការងារបានប្រើប្រាស់ថ្មថ្មីប្រហែលពី ២០-២៥ ភាគរយ ជំនួសថ្មចាស់ដែលពុកផុយ និងបាត់បង់ (ថ្មថ្មីដែលយកជំនួស មិនបានឆ្លាក់ក្បាច់ឱ្យដូចថ្មដើមវិញទេ គឺគ្រាន់តែឆ្លាក់ជាហេតុៗប៉ុណ្ណោះ)។ គម្រោងនេះគ្រោងនឹងបញ្ចប់នាអំលុងខែមីនា ឆ្នាំ២០២២ ខាងមុខ។

    លោកបន្តទៀតថា មុនឈានដល់ការជួសជុលតួកណ្តាលនេះ វិទ្យាស្ថានជាតិណារ៉ា ធ្លាប់បានចូលរួមជួសជុលតួខាងត្បូង និងខាងជើងរបស់ប្រាសាទតុបនេះ នាចន្លោះឆ្នាំ២០១១-២០១៧។ ជាបន្តបន្ទាប់ទៀត ក្រោយពីបញ្ចប់គម្រោងនេះ វិទ្យាស្ថានជាតិណារ៉ានឹងបន្តធ្វើការជួសជុលកែលម្អរចនាសម្ពន្ធជុំវិញ ព្រមទាំងខឿនមុខប្រាសាទបន្តទៀតដែរ។

    សូមជម្រាបថា ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ (ទិសនិរតីប្រាសាទបាយ័ន) ដែលជាប្រាសាទបែបព្រះពុទ្ធសាសនា មានតួប្រាង្គចំនួន ៣ ឈរនៅលើខឿនតែមួយ បែរមុខទៅទិសខាងកើត។ ប្រាសាទនេះ គេយល់ថាកសាងនៅសតវត្សរ៍ទី១០ ប៉ុន្តែប្រាសាទទាំងមូលដែលឃើញក្នុងពេលសព្វថ្ងៃ គឺមានការកែបន្ថែមបន្ថយបន្តពីរូបរាងដើម ដែលធ្វើឡើងចាប់ពីសតវត្សទី១៣-១៧៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ